ខេត្តកំពង់ធំ៖ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ និងលើកសរសើរចំពោះការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លើការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធ ពិសេសការតុបតែងលម្អរតាមដងផ្លូវត្រៀមកម្មវិធីសង្ក្រាន្តអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ឯកឧត្តម ដៀប ពីរី បានមានប្រសាសន៍ដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តសង្កត់ធ្ងន់ថា ខេត្តកំពង់ធំមានការរីកចម្រើនជាបណ្ដើរៗ ក្រោមការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មានការអភិវឌ្ឍមានសោភ័ណភាពស្រស់ស្អាត មានការតុបតែងនៅតាមដងស្ទឹងសែន មន្ទីរអង្គភាព តាមក្រុង/ស្រុក និងទីវត្តអារាម នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកទស្សនាកម្សាន្ត ព្រមទាំងមានរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់កងកម្លាំងទាំង៣ ជូនបងប្អូនប្រជាពលរដ្ឋមកទស្សនាកម្សាន្តទាំងពេលយប់ និងពេលថ្ងៃនៅក្នុងខេត្តកំពង់ធំមានភាពសប្បាយរីករាយ។