មីយ៉ាន់ម៉ា៖ រកឃើញសពស្ត្រី ៥នាក់ទៀត ខណៈអ្នកស្លាប់កើនដល់ជាង ៥០០០នាក់

 សង្គម
 ០៨ មេសា ២០២៥
 89
យោងតាមភ្នាក់ងារជួយសង្គ្រោះគ្រោះមហន្តរាយរបស់ប្រទេសមីយ៉ាន់ម៉ា សាកសពស្ត្រីចំនួន ០៥នាក់ត្រូវបានរកឃើញនៅក្រោមគំនរបាក់បែកនៃអគារ Sky Villa ក្នុងសង្កាត់ Aungmyaythazan ទីក្រុងម៉ាន់ដេឡេ។ នេះជាចំនួនថ្មីដែលនាំឱ្យចំនួនអ្នកស្លាប់កើនដល់ទៅជាង៥០០០នាក់ ដោយសារគ្រោះ​​រញ្ជួយ​ដី​ដ៏​ខ្លាំង​បំផុតក្នុងកម្រិត ៧.៧រ៉ុចទ័រ ​ដែល​មីយ៉ាន់ម៉ា​មិនធ្លាប់ជួបក្នុង​មួយ​សតវត្សរ៍ចុងក្រោយនេះ។
ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តបេសកម្មរួមគ្នាក្នុងនោះមានទាំងក្រុមប្រតបត្តិរបស់ប្រទេសមីយ៉ាន់ម៉ា សមាជិកនៃក្រុមជួយសង្គ្រោះ Blue Sky មកពីប្រទេសចិន និងក្រុមជួយសង្គ្រោះមកពីប្រទេសរុស្ស៊ី។ ក្រុមនីមួយៗបាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះរបស់ពួកគេ នៅឯទីតាំងនៃអគារដែលបានដួលរលំក្នុងទីក្រុងម៉ាន់ដេឡេ។
គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រដែលបានវាយប្រហារនៅចំកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា កន្លងទៅបានបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់នៅក្នុងតំបន់ Mandalay, Sagaing, Nay Pyi Taw, Bago និងតំបន់ Magway និងភាគខាងត្បូងរដ្ឋ Shan ។
យោងតាមទិន្នន័យចុងក្រោយដែលទទួលបានមន្រ្តីជំនាញជួយសង្គ្រោះបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៥៣៣០នាក់បានស្លាប់ ៧១០៨នាក់បានរងរបួស និង ៥៣៨នាក់ទៀតកំពុងបាត់ខ្លួនដោយសារការរញ្ជួយដីនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមីយ៉ាន់ម៉ា Mizzma។
មន្ត្រីជំនាញនៃវិទ្យាស្ថានបច្ចេកទេសភូគោល និងស្រាវជ្រាវគ្រោះមហន្តរាយមីយ៉ាន់ម៉ា លើកឡើងថាការរុករកជនរងគ្រោះមានភាពលំបាកខ្លាំងដោយសារមានខ្យល់ និងភ្ឡៀងធ្លាក់ខ្លាំងហើយ​ការ​រញ្ជួយ​ដី​នៅ​តែ​កើត​មាន​នៅ​ក្នុង​តំបន់​ដែល​រង​គ្រោះ​រញ្ជួយ​ដី។ ភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេព្យាករណ៍ថាចាប់ពីថ្ងៃទី ១១ដល់១៥ ខែមេសា សម្រាប់រដ្ឋរ៉ាឃីន តំបន់ Magway តំបន់ Yangon តំបន់ Ayeyarwady តំបន់ Bago តំបន់ Mandalay តំបន់ Sagaing ផ្នែកខាងក្រោម ទីក្រុង Naypyidawaw និងតំបន់ភាគខាងត្បូង និងភាគខាងកើតនៃរដ្ឋ Shan ៕

អត្ថបទដោយ៖ cambodia-nation-media