មន្ត្រីជួយសង្គ្រោះបានអះអាងនៅថ្ងៃអង្គារ ទី០៨ ខែមេសា ឆ្នាំ២០២៥ នេះថាសាកសពបីនាក់ទៀតត្រូវបានរកឃើញពីគំនរបាក់បែកនៃអគារកម្ពស់ ៣០ជាន់ដែលដួលរលំនៅក្នុងសង្កាត់ Chatuchak នៃទីក្រុងបាងកក ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២០នាក់ និងមនុស្សចំនួន ៧៧នាក់នៅតែបាត់ខ្លួន។
អគារការិយាល័យសវនកម្មរដ្ឋដែលកំពុងសាងសង់បានដួលរលំកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីផលប៉ះពាល់នៃការរញ្ជួយដីកម្រិត ៨.២ រិចទ័រ នៅជិតទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ដែលមានចម្ងាយប្រហែល ៣៩២គីឡូម៉ែត្រពីខេត្ត Mae Hong Son របស់ប្រទេសថៃ។
មន្ត្រីជួយសង្គ្រោះដដែលបាននិយាយថា សាកសពចុងក្រោយទាំងបីត្រូវបានរកឃើញនៅក្នុងតំបន់B និងC បន្ទាប់ពីមន្ត្រីបានសម្អាតកំទេចកំទី ហើយបានធ្លាក់ចូលទៅក្នុងរណ្តៅជម្រៅជាង ៤ម៉ែត្រ។
លោកក៏បានបន្ថែមផងដែរថា សាកសពជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថានកោសល្យវិច្ច័យនៅមន្ទីរពេទ្យបង្អែក ដើម្បីឱ្យមន្រ្តីប៉ូលីសជំនាញធ្វើកោសល្យវិច័យ។ ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត ខណៈកិច្ចខិតខំប្រឹងប្រែងក្នុងការរុករកកម្មករបាត់ខ្លួនទាំង ៧៧នាក់នៅតែបន្ត៕