សហរដ្ឋអាម៉េរិក៖មនុស្ស២៣នាក់បានបាត់បង់ជីវិតដោយគ្រោះទឹកជំនន់

 សង្គម
 ០៨ មេសា ២០២៥
 85
ភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កន្ត្រាក់ និងទឹកជំនន់ដ៏កាចសាហាវបានវាយប្រហារភាគខាងត្បូង កណ្តាល និងខាងលិច សហរដ្ឋអាម៉េរិក អស់រយៈពេលជាច្រើនថ្ងៃ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ និងបានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងការខូចខាតនៅរដ្ឋចំនួន១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The New York Times។
គ្រោះមហន្តរាយនេះកើតចេញពីខ្យល់ក្តៅ ខ្យល់ខ្លាំង សំណើមច្រើន និងបរិយាកាសមិនស្ថិរភាព បានធ្វើឱ្យមានភ្លៀងធ្លាក់ចុះច្រើនលើតំបន់កណ្ដាលនៃប្រទេស ក្នុងអំឡុងចុងសប្តាហ៍ ដោយបំផ្លាញសហគមន៍ចាប់ពីរដ្ឋ Texas ដល់ Ohio ជាមួយនឹងទឹកជំនន់ និងព្យុះឈ្មោះតូណាដូ។  
ឥឡូវនេះ ព្យុះកំពុងធ្វើឱ្យមានភ្លៀងធ្លាក់ចុះក្នុងរដ្ឋជាច្រើនដែលស្ថិតនៅបណ្ដោយឆ្នេរអាត្លង់ទិក។ អាកាសធាតុនៅថ្ងៃបន្ទាប់បានបង្ខំឱ្យក្លឹបវាយកូនហ្គោល Augusta National Golf Club ផ្អាកការហ្វឹកហាត់សម្រាប់ព្រឹត្តិការណ៍ Masters ហើយបញ្ជាឱ្យអន្តរាគមន៍ជម្លៀសសមាជិកចេញពីទីធ្លាវាយកូនហ្គោលនៅម៉ោង ១១:២៥ ព្រឹក។
យ៉ាងណាអ្នកជំនាញសន្មត់ថា ព្យុះដ៏កាចមួយនេះអាចផ្លាស់ទីចេញទៅសមុទ្រនាថ្ងៃអង្គារ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងស្រោចស្រប់យ៉ាងច្រើន និងអាចបន្តធ្វើឱ្យទឹកទន្លេ និងព្រែកនានា មានកម្រិតខ្ពស់ នៅក្នុងរយៈពេលពីរ ទៅបីថ្ងៃបន្ទាប់ទៀត៕

អត្ថបទដោយ៖ cambodia-nation-media