អ្នកប្រដាល់ឡេតវៃ ជនជាតិកាណាដា សញ្ជាតិមីយ៉ាន់ម៉ា Dave Leduc បង្ហាញក្តីសោកសៅជាខ្លាំងនៅពេលដែលបានឮដំណឹងនៃគ្រោះមហន្តរាយនៅប្រទេសមីយ៉ាន់ម៉ា។ Dave Leduc ឬអ្នកស្នេហាវិស័យកីឡាប្រដាល់នៅកម្ពុជា តែងតែហៅថា ដាវ ប្រាប់មកកាន់សារព័ត៌មាន CNM ថាគេពិតជាមានក្តីតក់ស្លុតជាខ្លាំងពេលដឹងថាប្រទេសមីយ៉ាន់ម៉ា រងគ្រោះរញ្ជួយដីដ៏កាចសាហាវ។
«ខ្ញុំសុខសប្បាយជាទេ។ ប៉ុន្តែស្ថានភាពបច្ចុប្បន្នក្នុងប្រទេសមីយ៉ាន់ម៉ាមិនល្អទេ ដោយសារតែគ្រោះរញ្ជួយដីថ្មីៗនេះ»។ ដាវ ប្រាប់សារព័ត៌មាន CNM តាមសារអេឡិចត្រូនិក ដូច្នេះ។ បច្ចុប្បន្ន Dave Leduc និងគ្រួសារកំពុងស្នាក់នៅបណ្តោះអាសន្ននៅក្នុងប្រទេសកម្ពុជា។
Dave Leduc ជាកីឡាករប្រដាល់ឡេតវៃ អាជីពមួយរូបដែលទទួលបានប្រជាប្រិយភាពខ្លាំង ពេលគេមកប្រកួតគុនខ្មែរនៅកម្ពុជា កាលពីចុងឆ្នាំ២០២៣។ ពេលនោះគេបានត្រឹមស្មើកីឡាករគុនខ្មែរ រុំ សំណាង ដោយវាយលក្ខណៈអំបោះឆៅ ។
សូមបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីនៅកណ្តាលប្រទេសមីយ៉ាន់ម៉ា កម្រិត ៧.៧រ៉ិចទ័រកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានវាយប្រហារក្រុងធំៗចំនួន៣ មានណៃពិដោ, សាយហ្គន និងម៉ាន់ដេឡេ ដែលបណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងផ្ទះប្រជាពលរដ្ឋជាច្រើនពាន់ខ្នងរងការខូចខាតជាដំណំ។ របាយការណ៍របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា បានឱ្យដឹងថា មនុស្ស៣៣៥៤នាក់បានបាត់បង់ជីវិត និង៤៥០៨នាក់រងរបួស ដោយសារគ្រោះរញ្ជួយដី៕