មីយ៉ាន់ម៉ា៖ ពលរដ្ឋមីយ៉ាន់ម៉ា នៅក្រុងម៉ាដេឡេ និងសាយហ្គន ជួបគ្រោះរងទុក្ខផ្ទួន២ ដោយខ្យល់ព្យុះ ផ្គររន្ទះបន្ថែមទៀតពីលើគ្រោះរញ្ជួយដី ដែលបណ្តាលឱ្យប្រជាជនជាច្រើននាក់ជួបបញ្ហាលំបាកពុំមានទីជម្រកត្រឹមត្រូវ។ ជំរុំក្នុងតង់តូចៗតាមផ្លូវទីសាធារណៈ ត្រូវបានខ្យល់បក់បោកវាយប្រហារខ្លាំងនៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នេះបើតាមគណនីហ្វេសប៊ុក ពលរដ្ឋមីយ៉ាន់ម៉ា។
ប្រជាជនមីយ៉ាន់ម៉ា សម្រេចចិត្តចាកចេញពីលំនៅឋានរបស់ពួកគេបន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារយ៉ាងដំណំ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ពួកគេត្រូវរស់នៅតាមជំរុំតង់ផ្លូវទីសាធារណៈ តារាងបាល់ទាត់ បរិវេណវត្តអារាម និងសួនច្បារ ដែលមានលក្ខណៈល្ហរល្ហេវ និងពុំមានសុវត្ថិភាព។
យ៉ាងណាបញ្ហាភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កត្រាក់ ផ្គររន្ទះ ក្រុមប្រតិបត្តការជួយសង្គ្រោះគ្រោះមហន្តរាយជាតិមីយ៉ាន់ម៉ា និងអន្តរជាតិ បានផ្អាកបេសកម្មរបស់គេជាបណ្តោះអាសន្ន និងរង់ចាំអាកាសធាតុល្អប្រសើរឡើងវិញ។
សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានបញ្ជាក់ពីចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ កាលពីចុងខែមីនានេះថា មនុស្ស៣៣៥៤នាក់បានបាត់បង់ជីវិត និង៤៥០៨នាក់រងរបួស៕