ឧត្តមសេនីយ៍ឯក លឹម តុងហួត ជួបលោក ស៊ូប៉ាផាត់ ហ៊ីបឱសថ ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

 សង្គម
 ០៧ មេសា ២០២៥
 54
រាជធានីភ្នំពេញ : ក្នុងកំឡុងពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានមកដល់នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានទទួលជួបសំណេះសំណាលនិងជូនពរលោក ស៊ូប៉ាផាត់ ហ៊ីបឱសថ ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកកិច្ចការគ្រឿងញៀនអមស្ថានទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា។ ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងនូវអំណរគុណដល់លោក ស៊ូប៉ាផាត់ ហ៊ីបឱសថ ដែលតែងតែធ្វើការសម្របសម្រួលជួយគ្នាទៅវិញទៅមកលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅរួមគ្នាធ្វើឲ្យសម្រេចបាននូវការបង្ការទប់ស្កាត់គ្រឿងញៀនឆ្លងដែនទីប្រទេសយើងទាំងពីរកម្ពុជា ថៃ។ លោក ស៊ូប៉ាផាត់ ហ៊ីបឱសថ បានថ្លែងនូវអំណរគុណដល់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានផ្ដល់នូវកិច្ចសហការគ្រប់ជ្រុងជ្រោយបង្កលក្ខណៈជួយគ្នាទៅវិញទៅមកសំដៅរក្សាបាននូវទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការនៃប្រទេសយើងទាំងពីរកម្ពុជា ថៃ រួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋពីការញាំញីពីគ្រឿងញៀន។ នៅក្នុងជំនួបនោះដែរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិថៃ ដែលនឹងឈានមកដល់នៅពេលខាងមុខដូចគ្នានោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត និងលោក ស៊ូប៉ាផាត់ ហ៊ីបឱសថ បានជូនពរទៅវិញទៅមកនូវខ្លឹមសារដ៏ជ្រាលជ្រៅសូមទេវតាឆ្នាំថ្មីនាំមកនូវវិបុលសុខគ្រប់ប្រការ។

អត្ថបទដោយ៖ cambodia-nation-media