ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ធំមួយនៅកណ្តាលប្រទេសមីយ៉ាន់ម៉ា បានកើនឡើងលើសពី ៣៣០០នាក់ ខណៈដែលប្រធានជំនួយរបស់អង្គការសហប្រជាជាតិបានអំពាវនាវជាថ្មីទៅកាន់ពិភពលោកឱ្យជួយប្រទេសដែលរងគ្រោះដោយគ្រោះមហន្តរាយនេះតាមលទ្ធភាពដែកអាចធ្វើទៅបាន។
ទីភ្នាក់ងារ AFP បានឱ្យដឹងថាការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបង្ហាញថា មនុស្សជាងបីលាននាក់អាចរងផលប៉ះពាល់ដោយការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលរួមបញ្ចូលបញ្ហាប្រឈមពីមុនដែលបណ្តាលមកពីសង្គ្រាមស៊ីវិលរយៈពេលជាង ៤ឆ្នាំមកនេះ។
មន្ត្រីកំពូលរបស់អង្គការសហប្រជាជាតិបានជួបជាមួយជនរងគ្រោះនៅក្នុងទីក្រុង Mandalay ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ដែលមានទីតាំងនៅជិតចំណុចកណ្តាលនៃការរញ្ជួយដី ហើយឥឡូវនេះកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងទីក្រុង។

លោក Tom Fletcher
អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ បានសរសេរនៅក្នុងគេហទំព័រ X របស់លោកថា៖«ពិភពលោកត្រូវតែប្រមូលផ្តុំគ្នានៅពីក្រោយប្រជាជនមីយ៉ាន់ម៉ា»។ ចំនួនអ្នកស្លាប់ថ្មីត្រូវបានប្រកាសបន្ទាប់ពីប្រមុខរដ្ឋាភិបាលលោក Min Aung Hlaing បានវិលត្រឡប់ពីដំណើរកិច្ចប្រជុំកំពូលក្នុងតំបន់នាទីក្រុងបាងកក កាលពីថ្ងៃសុក្រ កន្លងទៅដែលគាត់បានជួបជាមួយមេដឹកនាំកំពូលមានទាំងនាយករដ្ឋមន្ត្រីថៃ និងឥណ្ឌា ផងដែរ។
សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់រដ្ឋាភិបាល នៃប្រទេសមីយ៉ាន់ម៉ា មនុស្ស៣៣៥៤នាក់បានបាត់បង់ជីវិត ៤៥០៨នាក់រងរបួស និង២២០នាក់ទៀតស្ថិតក្នុងការរុករក៕