ពិធីបិទវគ្គបំប៉នសមត្ថភាព ស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា

 កីឡា
 ០៤ មេសា ២០២៥
 60
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាង ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉នសមត្ថភាព ស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៅសាលប្រជុំមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា។ នាពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោកអគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា។
លោក ធិន វិចិត្រ គណៈគ្រប់គ្រងវគ្គបានគូសបញ្ជាក់ថា វគ្គបំប៉នសមត្ថភាពស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាមានរយៈពេល ០៤ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់០៤ ខែមេសា ឆ្នាំ២០២៥ សិក្ខាកាមចូលរួមមកពីបណ្តារាជធានី ខេត្ត ចំនួន៥០នាក់ និងមកពីបណ្តាសហព័ន្ធកីឡាជាតិចំនួន៣០នាក់។
លោកអនុប្រធានបន្តទៀតថា វគ្គបំប៉នសមត្ថភាពលើការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បានបញ្ចប់ដោយជោគជ័យ ដោយបានបំពាក់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងជំនាញសំខាន់ៗ ដើម្បីបង្កើនការរៀបចំផែនការ ការអនុវត្ត និងអភិបាលកិច្ចនៃការប្រកួតកីឡា ហើយវគ្គបណ្តុះបណ្តាលបានគ្របដណ្តប់លើផ្នែកសំខាន់ៗដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍន៍ឧស្សាហកម្មកីឡាប្រកបដោយនិរន្តរភាព និងវិជ្ជាជីវៈដែលមានចំនុចសំខាន់ចំនួន១០រួមមាន ស្តង់ដាការប្រកួតកីឡាលក្ខណៈជ្រើសរើសជើងឯក អភិបាលកិច្ចល្អក្នុងកីឡា ការគ្រប់គ្រងព្រឹត្តិការណ៍កីឡា ការធ្វើទីផ្សារ និងចលនូបត្ថម្ភកីឡា ឧស្សាហកម្មកីឡា ស្តង់ដានៃការរៀបចំការប្រកួតស្តង់ដាការប្រកួតកីឡាជាតិ ការចុះឈ្មោះតាមប្រព័ន្ធព័ត៌មានវិទ្យា អ្នកស្ម័គ្រចិត្តចូលរួមក្នុងព្រឹត្តិការណ៍កីឡា និងការយល់ដឹងពីដូប៉ា៕

អត្ថបទដោយ៖ cambodia-nation-media