ធនាគារពិភពលោកធ្វើបទបង្ហាញអំពីការប្រមូលទិន្ន័យ ដើម្បីរៀបចំកម្រងព័ត៌មានភស្តុភារកម្មកម្ពុជា
តំណាងធនាគារពិភពលោក បានធ្វើបទបង្ហាញអំពីគម្រោងក្នុងការសិក្សាស្រាវជ្រាវ ការប្រមូលទិន្ន័យ ដើម្បីរៀបចំបង្កើតកម្រងព័ត៌មាន ភស្តុភារកម្មសម្រាប់កម្ពុជា សំដៅធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពលើទិន្នន័យ និងសូចនាករនៅក្នុងប្រតិបត្តិការ ដឹកជញ្ជូន។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ម្សិលមិញនេះ បានអនុញ្ញាតជូនគណៈប្រតិភូធនាគារ ពិភពលោក ដឹកនាំដោយលោកស្រី Tania Meyer នាយិកាគ្រប់គ្រងការិយាល័យ ធនាគារពិភពលោក ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ រៀបចំឡើង ដើម្បីធ្វើបទបង្ហាញអំពីគម្រោងក្នុងការសិក្សាស្រាវជ្រាវប្រមូលទិន្ន័យ ដើម្បីរៀបចំបង្កើត កម្រងព័ត៌មានភស្តុភារកម្មសម្រាប់កម្ពុជា ជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី។ “កម្រងព័ត៌មានភស្តុភារកម្ម” គឺជាកម្រងឯកសារ ដ៏មានសារៈសំខាន់ សម្រាប់ការបង្ហាញអំពីទិដ្ឋភាពស៊ីជម្រៅនៃវិស័យភស្តុភារកម្ម សំដៅធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធ- ភាព ក្នុងការសម្រេចចិត្តពីភាគីពាក់ព័ន្ធក្នុងវិស័យនេះ ដោយផ្អែកលើទិន្នន័យ និងសូចនាករនានានៅក្នុងប្រតិបត្តិការដឹកជញ្ជូន៕
អត្ថបទដោយ៖ cambodia-nation-media