ឯកឧត្តម ហេង សួរ ជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននៃបញ្ជាការដ្ឋានអង្គរក្ស នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

 សង្គម
 ០៤ មេសា ២០២៥
 86
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាលមុនពេលឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខនេះ។ ពិធីជួបសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមជាសហអធិបតីពី ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ (ខ.ភ.ម.) និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ផងដែរ។ ឯកឧត្តម ហេង សួរ បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ជូនចំពោះនាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ដែលកំពុងបំពេញកិច្ចការនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស។ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់នូវការចងចាំជានិច្ច និងសូមអរគុណយ៉ាងខ្លាំងដល់នាយទាហាន នាយទាហានរង ពលទាហាននៅបញ្ជាការដ្ឋានអង្គរក្ស ក្នុងការលះបង់ទាំងពេលវេលា កម្លាំងកាយ មនោសញ្ចេតនាជាមួយក្រុមគ្រួសារ ដើម្បីបំពេញបេសកកម្មការពារសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសង្គមជាតិ៕

អត្ថបទដោយ៖ cambodia-nation-media