មន្រ្តីនគរបាលចរាចរណ៍ដាក់គោលដៅនៅផ្លូវជាតិលេខ៣ ត្រូវបានស្នងការកោះហៅមកដាក់វិន័យចំនួន៧រួប

 សង្គម
 ០៣ មេសា ២០២៥
 88
ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឱ្យដឹងកាលពីរសៀលថ្ងៃទី០៣ ខែមេសា ថា ការផ្សាយក្នុងគណនីហ្វេសប៊ុកឈ្មោះ Lay Kongkea ដែលបានបង្ហោះវីដេអូ សកម្មភាពមន្រ្តីនគរបាលចរាចរណ៍ដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ឋិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅរសៀលម៉ោង១៤.០០នាទី ថ្ងៃខែដដែល ក្រុមការងារថ្នាក់ស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវបឋម។ ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានកោះហៅកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកចំនួន០៧នាក់ ឲ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធហេតុការណ៍ដែលបានកើតឡើងខាងលើនេះ។ ក្រោយពីសាកសួរ និងឆ្លើយបំភ្លឺរួច មន្រ្តីនគរបាលចរាចរណ៍ ដែលមានការពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើ ត្រូវបានព្រមាន ជាលាយលក្ខណ៍អក្សរ លើកទី១ ចំនួន០៤នាក់ និងអប់រំ ធ្វើកិច្ចសន្យាចំនួន០៣នាក់ ហើយដាក់ឲ្យអនុវត្តវិន័យរយៈពេល ០៣ខែ នៅការិយាល័យបុគ្គលិក៕  

អត្ថបទដោយ៖ cambodia-nation-media