ឯកឧត្ដម ចាន់ ស៊ីណាត ចុះពិនិត្យសមិទ្ធផលនៃការជួសជុលឡើងវិញប្រព័ន្ធធារាសាស្ដ្រទំនប់អាងព្រៃក្ដួច ស្ថិតក្នុងភូមិសាស្ដ្រស្រុកត្រាំកក់ ខេត្តតាកែវ

 សង្គម
 ០៣ មេសា ២០២៥
 35
ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួងអញ្ជើញចុះត្រួតពិនិត្យមើលលើសមិទ្ធផលនៃប្រព័ន្ធធារាសាស្រ្តទំនប់អាងព្រៃក្តួច ដែលបានជួសជុលស្ដារឡើងវិញ ស្ថិតក្នុងភូមិសាស្ដ្រស្រុកត្រាំកក់ ខេត្តតាកែវ។ បើតាម ឯកឧត្ដមរដ្ឋលេខាធិការ ការជួសជុលឡើងវិញ នៃប្រព័ន្ធធារាសាស្ដ្រទំនប់អាងព្រៃក្ដួចនេះ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និង ឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានចុះពិនិត្យស្រះទឹកខ្នាតធំ មួយកន្លែង ដែលបានសាងសង់ឡើង តាមរយៈគម្រោងហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ផ្ដល់ជូនសហគមន៍កសិកម្មស្លាគូរសម្រាប់ប្រើប្រាស់ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ៕

អត្ថបទដោយ៖ cambodia-nation-media