សពអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវរៀបចំបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ក្រោមក្តីវិប្បយោគស្រណោះអាឡ័យយ៉ាងក្រៃលែង

ពិធីដង្ហែមានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី រួមជាមួយសាច់ញាតិក្រុមគ្រួសារ, ថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការជាច្រើនរូប។
ពិធីដង្ហែ និងបញ្ចុះសពអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នាព្រឹកថ្ងៃនេះ គឺជាការលាគ្នាជាច្រុង លាគ្មានថ្ងៃវិលត្រឡប់វិញឡើយ។ បើទោះបីដឹងថា សភាវធម៌កើត ចាស់ ឈឺស្លាប់ គឺជាច្បាប់ធម្មជាតិ ដែលគ្មានបុគ្គលណាម្នាក់អាចទាមទារបានក៏ដោយ តែការឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់របស់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បាននាំមកនូវក្តីវិប្បយោគក្រៀមក្រំ ស្រណោះអាល័យយ៉ាងជ្រាលជ្រៅចំពោះអនុស្សាវរីយ៍ និងសេចក្តីល្អទាំងឡាយដែលបងប្រុសធំ ឪពុក អ៊ុ និងជីតា បានធ្វើចំពោះប្អូនៗ កូនៗ ក្មួយៗ និងចៅៗ បានធ្វើកាលនៅមានជន្មាយុ។
សូមបញ្ជាក់ថា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព នៅវេលាម៉ោង ២៖២៧នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់បង បងថ្លៃ បិតា បិតាក្មេក ជីតា ជីតាទួត ឪពុកធំ ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការថែរក្សាអប់រំ ផ្ដល់ដំបូន្មានដល់កូនចៅ និងជាការបាត់បង់ឥស្សរជនដ៏ឆ្នើម និងជាកុលបុត្រខ្មែរមួយរូបដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ។
ការបាត់បង់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានធ្វើឱ្យបងប្អូន កូនក្មួយ ចៅ ចៅទួត ញាតិមិត្តសាច់សារលោហិត ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មានសេចក្តីសោកស្ដាយអាឡោះអាល័យរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។
សូមជម្រាបថា អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានឈ្មោះដើម ហ៊ុន ឡុងសាន កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៤៨ ត្រូវនឹងថ្ងៃអង្គារ ១៥រោច ខែជេស្ឋ ឆ្នាំជូត សំរិទ្ធិស័ក ព.ស. ២៤៩២ ភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ ឌី ប៉ុក ។
លោកជាកូនទី១ ក្នុងចំណោមបងប្អូន ៦នាក់ រួមមាន ( ១- ឯកឧត្ដម ហ៊ុន សាន ២.ឯកឧត្ដម ហ៊ុន ណេង ៣.សម្ដេចតេជោ ហ៊ុន សែន ៤.លោកជំទាវ ហ៊ុន សេងនី ៥.លោកជំទាវ ហ៊ុន ស៊ីណាត ៦.លោកជំទាវ ហ៊ុន ប៊ុនធឿន )។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោកជំទាវ ច្រឹង គឹមហេន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧២ និងមានបុត្រាបុត្រីចំនួន ៥នាក់ ក្នុងនោះស្រី ៣នាក់៖ កូនទី១ លោកជំទាវ ហ៊ុន គឹមហាក់, កូនទី២ ឯកឧត្តម ហ៊ុន ជា, កូនទី៣ ឯកឧត្តម ហ៊ុន គឹមជាតិ, កូនទី៤ លោកស្រី ហ៊ុន ចាន់ថុល, និងកូនទី៥ លោកជំទាវ ហ៊ុន ម៉ានី៕ អត្ថបទដោយ៖ cambodia-nation-media