ក្រសួងការពារជាតិ ចេញបទបញ្ជាឱ្យបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីវាយតម្លៃកំហុសឆ្គង ឧត្តមសេនីយ៍ត្រី ឈាវ មុន្និន
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា ៖ “កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គម TikTok មានការបង្ហោះនូវវីដេអូមួយចំនួនរបស់បុគ្គល ឈ្មោះ ឈាវ មុន្និន មានឋានន្តរស័ក្តិថ្នាក់ឧត្តម សេនីយ៍ត្រី តួនាទីជានាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន ដោយបានធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។
ដើម្បីធានាការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទវិន័យ ក៏ដូចជាការរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ របស់កងទ័ព នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្តី រដ្ឋមន្តី ក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណង ធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ”៕
អត្ថបទដោយ៖ cambodia-nation-media