ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនតូតាល់ អេនើជីម៉ាឃីធីង (ខេមបូឌា) ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងហិរញ្ញប្បទានសាជីវកម្ម
អនុស្សរណ:ខាងលើនេះ ត្រូវបានចុះហត្តលេខា ជាផ្លូវការ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅករិយាល័យកណ្តាលធនាគារអេស៊ីលីដា ភីអិលស៊ី ក្នុងរាជធានីភ្នំពេញ ដោយលោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិ ប្រតិបត្តិការ ធនាគារ អេស៊ីលីដា និងលោកស្រី Dinah Jogia Kumar អគ្គនាយកក្រុមហ៊ុន តូតាល់ អេនើជី ម៉ាឃីធីង (ខេមបូឌា) ឯ.ក។
សូមជំរាបថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយ មូលបត្រជាសាធារណៈនៅកម្ពុជា ខណះក្រុមហ៊ុនតូតាល់ អេនើជី ម៉ាឃីធីង (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនថាមពលដ៏ធំមួយ ផលិតនិងផ្គត់ផ្គង់ថាមពលនលើសកលលោក។
លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិ ប្រតិបត្តិការ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្កែងថា ការចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នានេះ មិនមែនជាលើកទី១នោះទេ កន្លងមកធនាគារអេស៊ីលីដា និងក្រុមហ៊ុនតូតាល់ ក៍ធ្លាប់បានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគ យល់គ្នា មួយចំនួន ជាមួយគ្នា កាលពីឆ្នាំ២០២១។
លោកស្រីថា ស្ថាប័នទាំំងពីរជាដៃគូសហការដ៏ល្អ ក្នុងការផ្តល់សេវាកម្មឲ្យគ្នាទៅវិញទៅមក ជាមួយនឹងសេវាកម្មហិរញ្ញវត្ថុ យ៉ាងសម្បូរបែប ដូចជា ការទូទាត់ តាមបែបឌីជីថល ម៉ាស៊ីន POS និងការបញ្ចូលទឹកប្រាក់ ទៅក្នុងប័ណ្ណសមាជិក របស់ក្រុមហ៊ុនតូតាល់ ព្រមទាំងការទូទាត់ វិក័យបត្ររបស់ស្ថានីយប្រេងឥន្ទន:តូតាល់ លក់ដុំ និងលក់រាយទាំងអស់ នៅតាមបញ្ជរធនាគារ អេស៊ីលីដា ការទូទាត់ប្រាក់ តាមរយៈអេស៊ី ស៊ូភើអេប និងការទូទាត់ប្រាក់តាមរយៈ អេស៊ីលីដា អ៊ីនធើណិត ប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា ក៏បានប្រើប្រាស់ ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនតូតាល់ ដូចជា ការចាក់ប្រេងឥន្ធនៈ សេវាជួសជុល និងថែទាំរថយន្តជាដើម។
បើតាមលោកស្រី សុខ សោភា ដើម្បីពង្រឹង និងជំរុញការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈ នៃការយោគយល់គ្នាកន្លងមក ឲ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់សេវាកម្មហិរញ្ញវត្ថុបន្ថែមទៀត ទើប ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនតូតាល់ ឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាលើកទី២នាពេលនេះ ដើម្បីផ្តល់នូវផ្តល់ជម្រើសហិរញ្ញប្បទានគ្រប់ប្រភេទជូនដល់អតិថិជន សម្រាប់ប្រើប្រាស់ក្នុងដំណើរការអាជីវកម្ម ប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាពបន្ថែមទៀត។ លោកស្រីថា ភាពជាដៃគូនេះក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ម្ចាស់ស្ថានីយ ចែកចាយប្រេងឥន្ធនៈរបស់ ក្រុមហ៊ុនតូតាល់ អេនើជី ម៉ាឃីធីង (ខេមបូឌា) ជាមួយនឹង សេវាឥណទានអេស៊ីលីដា រួមមាន ប័ណ្ណឥណទាន (វីសា. ម៉ាស្ទ័រ) ឥណទានសម្រាប់ពាណិជ្ជករ អេស៊ីលីដា ឥណទានសម្រាប់អ្នកចែកចាយ និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ជាមួយនឹងអត្រាការប្រាក់ពិសេស និងលក្ខខណ្ឌងាយស្រួល៕
អត្ថបទដោយ៖ cambodia-nation-media