គយចិនអនុញ្ញាតជាផ្លូវការឱ្យក្រុមហ៊ុន ដំបូងគេនៅកម្ពុជា នាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិន

ក្រុមហ៊ុន Best Life Product Co., Ltd. របស់កម្ពុជា អាចនាំចេញផលិតផល «សំបុកត្រចៀកកាំ» ទៅកាន់ទីផ្សារប្រទេសចិន ដែលក្រុមហ៊ុនខ្មែរដំបូងគេបង្អស់ ទទួលបានការអនុញ្ញាតជាផ្លូវការពីគយចិន បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំ ក្នុងការពង្រឹងគុណភាព និងចរចានាំចេញ។
លោកស្រី Wu Huizhen ប្រធានក្រុមហ៊ុន Best Life Product Co., Ltd. បានប្រកាសពីដំណឹងដ៏សំខាន់នេះ ដោយបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកស្រីបានទទួលការទទួលស្គាល់ និងការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដែលមានសុពលភាពរហូតដល់ឆ្នាំ២០៣១។

នេះជាសញ្ញាណដ៏សំខាន់មួយ ដែលបង្ហាញថា ផលិតផលសំបុកត្រចៀកកាំរបស់កម្ពុជា អាចចូលទៅកាន់ទីផ្សារអ្នកប្រើប្រាស់ដ៏ធំបំផុត របស់ពិភពលោកបានជាផ្លូវការ។
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ បើទោះបីជាគយចិនបា នបើកផ្លូវឱ្យ កម្ពុជា អាចនាំចូលសំបុកត្រចៀកកាំ ទៅកាន់ទីផ្សារចិន តាំងពីពាក់កណ្តាលឆ្នាំ២០២៥ក៏ដោយ ប៉ុន្តែការវាយតម្លៃ ឱ្យក្រុមហ៊ុនដែល អាចនាំចេញទៅបាន គឺមានភាពតឹងរ៉ឹង ដែលមកទល់ពេលនេះមានតែក្រុមហ៊ុនមួយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនបាន។
លោកបានឱ្យដឹងថា ដោយសំបុកត្រចៀកកាំត្រូវបានចាត់ទុកជាផលិតផលឯក (premium product) ដែលមានតម្លៃរាប់ពាន់ដុល្លារក្នុងមួយគីឡូក្រាម។ ហេតុដូច្នេះហើយ ការធានាបាននូវប្រភពដើមផលិតកម្មច្បាស់លាស់ និងស្តង់ដារអនាម័យខ្ពស់ គឺជាកត្តាចាំបាច់បំផុត ដើម្បីរក្សាគុណភាព និងទំនុកចិត្តពីអ្នកទិញអន្តរជាតិ។
លោកបានប្រាប់បន្ថែមថា « អ្វីដែលជាការសង្ឃឹមរបស់យើងក្នុងឆ្នាំនេះ នឹងអាចមានក្រុមហ៊ុនបន្តបន្ទាប់ទៀតបានទទួលការអនុញ្ញាតពីគយចិន ក្នុងការនាំចេញដោយផ្ទាល់ទៅប្រទេសចិន។ មិនមែនកម្ពុជាទេដែលពិបាក ហើយជាធម្មតានៅបណ្តាប្រទេសដទៃ ក៏មាននីតិវិធីដូចយើងដែរ ដូចវៀតណាម ដូចម៉ាឡេស៊ីអីក៏ដោយ នៅពេលដែលការដាក់ដំបូង គឺមិនមានក្រុមហ៊ុនច្រើនទេដែលជាប់ ដោយសារតែគាត់អត់ទាន់យល់ពីស្តង់ដារតម្រូវរបស់គយចិន ។ ប៉ុន្តែនៅពេលដែលគយគេបដិសេធ យើងបានដឹងថាតើមានបញ្ហាអីខ្លះ ហើយយើងកែទម្រង់រាល់លក្ខខណ្ឌបច្ចេកទេសស្តង់ដារទាំងឡាយ ទៅតាមតម្រូវការរបស់គយចិនទៅ នោះយើងនឹងទទួលបានការអនុញ្ញាតហើយ»។
លោកស្រី Wu Huizhen បានប្តេជ្ញាបន្តកែលម្អគុណភាពផលិតផល និងស្តង់ដារអនាម័យ ពង្រីកសមត្ថភាពផលិតកម្ម និងបង្កើតឱកាសការងារបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា។ លោកស្រីក៏បានអំពាវនាវដល់រដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងដៃគូវិនិយោគទាំងអស់ ឱ្យបន្តផ្តល់ការគាំទ្រ ដើម្បីលើកកម្ពស់ឧស្សាហកម្មសំបុកត្រចៀកកាំរបស់កម្ពុជា ឱ្យក្លាយជា «ម៉ាកយីហោជាតិ» នៅលើឆាកអន្តរជាតិ។
គិតត្រឹមដើមឆ្នាំ២០២៦ ផ្ទះត្រចៀកកាំប្រមាណជិត ១ពាន់ខ្នងផ្ទះ ត្រូវបានក្រសួងកសិកម្មចុះបញ្ជី ក្នុងនោះក្រសួងបានបញ្ជូនក្រុមហ៊ុនចំនួន៦ ឱ្យធ្វើការទំនាក់ ទំនង ជា មួយ គយ ចិន ប៉ុន្តែក្រុមហ៊ុនតែមួយប៉ុណ្ណោះទទួលបានការអនុញ្ញាតពីគយចិន៕


អត្ថបទដោយ៖ cambodia-nation-media