កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីន មនុស្សធម៌នៅកម្ពុជា
នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅនិវេសនដ្ឋានស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងចូលមកដល់នាពេលខាងមុខ។តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអបអរសាទរជូនចំពោះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងបុគ្គលិកស្ថានទូតចិនទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំម្សាញ់ និងបានជូនពរឱ្យ ឯកអគ្គរដ្ឋទូត និងបុគ្គលិកស្ថានទូតទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសក្នុងការបំពេញបេសកកម្មការទូតដ៏ថ្លៃថ្លានៅព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើននូវចំណងមិត្តភាពរវាងកម្ពុជា-ចិន ឱ្យកាន់តែមានភាពរឹងមាំល្អប្រសើរ និងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះរួមចំណែករបស់ប្រទេសចិនក្នុងវិស័យសកម្មភាពមីន ពិតជាបានឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាជននៅតាមមូលដ្ឋាន និងកាត់បន្ថយគ្រោះថ្នាក់ ព្រមទាំងបានស្នើសុំឱ្យប្រទេសចិនបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម Wang Wenbin បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមបណ្ឌិត លី ធុជ និងគណៈប្រតិភូអាជ្ញាធរមីន ដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនេះបានបង្ហាញឱ្យឃើញពីទំនាក់ទំនងកាន់តែជិតស្និទ និងកាន់តែល្អប្រសើររវាងកម្ពុជា-ចិន ជាមិត្តដែកថែប និងជាបងប្អូនល្អ។ ជាការឆ្លើយតប ឯកឧត្តម Wang Wenbin បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រដ្ឋាភិបាលចិន ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ផងដែរ។
ជាងនេះទៅទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត និងបន្តជំរុញផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងកាន់តែស៊ីជម្រៅរវាងអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ក្នុងចូលរួមសកម្មភាពមីនមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទដោយ៖ cambodia-nation-media