តើក្រុមណាជាជើងឯក ដណ្ដើមពានរង្វាន់កីឡាបាល់ទះឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥?
(ភ្នំពេញ)៖ ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន បានរៀបចំការប្រកួតពានរង្វាន់បាល់ទះ ក្រោមប្រធានបទអបអរសារទរទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ដែលការប្រកួតធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្នុងសាលបាល់ទះ រាជធានីភ្នំពេញ។
ការប្រកួតពានរង្វាន់កីឡាបាល់ទះឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ មានការចូលរួមប្រកួតពីសមាគម-ក្លិប-ក្រុមនារីចំនួន ៨ក្រុម និងបុរសចំនួន ៤ក្រុម។
ក្រោយធ្វើការប្រកួតដ៏ស្វិតស្វាញរយៈពេល ៤ថ្ងៃកន្លងមក ពេលនេះបានរកឃើញក្រុមជើងឯកចំនួន ២ក្រុម គឺ
ក្រុមបាល់ទះជើងឯកបុរសបានលើក្រុមមកពីក្លឹបវិសាខា ដែលទទួលជ័យជម្នះលើក្រុមក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ៣ ទល់នឹង ២ នៃវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកក្រុមជើងឯកផ្នែកនារីបានទៅក្រុមកីឡាការិនីមមកពីខេត្តពោធិ៍សាត់ ដែលប្រកួតឈ្នះក្រុមបាល់ទះខេត្តកណ្ដាលក្នុងលទ្ធផល ៣ទល់នឹង ១ កាលពីម្សិលមិញនេះ។
ខាងក្រោមនេះ ជាលទ្ធផល បិទបញ្ចប់ការប្រកួតវិញ្ញាសាបុរសដោយ៖
- សមាគមកីឡាបាល់ទះវិសាខា ទទួលបានជ័យលាភីលេខ១
- សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃទទួលបានជ័យលាភីលេខ២
- ក្លិបស្នងការន.បរាជធានីភ្នំពេញទទួលបានជ័យលាភីលេខ៣។
ដោយឡែក លទ្ធផល បិទបញ្ចប់ការប្រកួតវិញ្ញាសានារីវិញ៖
- ក្លឹបបាល់ទះមន្ទីរអបរំយុវជនខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីលេខ១
- ក្លឹបបាល់ទះមន្ទីរអបរំយុវជនខេត្តកណ្ដាល ទទួលបានជ័យលាភីលេខ២
- ក្លឹបបាល់ទះមន្ទីរអបរំយុវជនរាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ៣។
សូមជម្រាបថា ពិធីបិទការប្រកួតពានរង្វាន់កីឡាបាល់ទះឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ បានធ្វើឡើងដើម្បីអបអរសាទរទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ១៩៧៩-២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសហព័ន្ធកីឡាបាល់ទះកម្ពុជា៕
អត្ថបទដោយ៖ cambodia-nation-media