ព្រឹត្តិការណ៍“សំណេរអង្គរ” លើកទី២​ នៅប្រាសាទអង្គរវត្ត នឹងប្រារព្ធឡើងនៅថ្ងៃទី១៩ខែមករា​ ឆ្នាំ២០២៥ខាងមុខនេះ

 សង្គម
 ០៦ មករា ២០២៥
 83
ព្រឹត្តិការណ៍“សំណេរអង្គរ” លើកទី២​ នៅប្រាសាទអង្គរវត្ត នឹងប្រារព្ធឡើងនៅថ្ងៃទី១៩ខែមករា​ ឆ្នាំ២០២៥ខាងមុខនេះ   សៀមរាប៖ ព្រឹត្តិការណ៍ «សំណេរអង្គរ» នឹងប្រារព្ធឡើងនៅថ្ងៃទី១៩ខែមករា​ ឆ្នាំ២០២៥ខាងមុខនេះ ជាលើកទី២ នៅលើស្ពានហាលផ្នែកខាងលិចរបស់ប្រាសាទអង្គរវត្ត នឹងមានបេក្ខជនចូលរួម​ ១.២២០នាក់។ «សំណេរអង្គរ»ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋនិងមហាជនទូទៅសរសេរភាសាខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ ការអានពាក្យខ្មែរឱ្យត្រឹមត្រូវ ព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុត”។ គោលបំណងដ៏ធំនៃ «សំណេរអង្គរ» គឺចង់ផ្សាភ្ជាប់ទៅនិងរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមួយប្រវត្តិសាស្ត្រដ៏យូរលង់របស់ខ្មែរយើង ជាពិសេសជួយលើកកម្ពស់អក្សរសាស្ត្រខ្មែរ និងជួយផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជាផងដែរ។   សូមបញ្ជាក់ថា៖ បេក្ខជនទាំងនោះ មានទាំងកុមារចាប់ពី អាយុ៦ឆ្នាំ និងមនុស្សចាស់ ដែលមានអាយុរហូតដល់៨១ឆ្នាំ។ ក្នុងនោះដែរក៏មានព្រះសង្ឃចូលរួមចំនួន៨២អង្គ ជនបរទេសរៀនភាសាខ្មែរមួយចំនួន ព្រមទាំងអនិកជនខ្មែរដែលរស់នៅបរទេសខ្លះទៀតផង។ សូមរម្លឹកថា៖សំណេរអង្គរលើកទី១ ធ្លាប់បានរៀបចំ នៅលើស្ពានហាល ខាងលិច ប្រាសាទអង្គរវត្ត ម្ដងរួចមកហើយ កាលពីថ្ងៃទី២១ខែមករាឆ្នាំ២០២៤ ដោយមានចំនួនអ្នកចូលរួមប្រមាណ​ ៨០០នាក់។ សរុបមកឆ្នាំនេះ ព្រឹត្តិការណ៍“សំណេរអង្គរ” ទទួលបានការគាំទ្រ និងបេក្ខជន ចូលរួមច្រើនជាងទ្វេរដងនៃឆ្នាំមុន៕

អត្ថបទដោយ៖ cambodia-nation-media