ការដ្ឋាន ស្ថាបនាស្ពានឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ១៦ ភាគរយ
អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះថា គិតត្រឹមដំណាច់ឆ្នាំ២០២៤កន្លងទៅនេះ គម្រោងស្ថាបនា ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៦ ភាគរយហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
គម្រោង សាងសង់ស្ពានឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម មានប្រវែងសរុប ១៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានមប្រវែងជាង ៨០៤ ម៉ែត្រ, ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ)។សំណង់ស្ពានថ្មីសន្លាងនេះ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ពានឆ្លងកាត់ទន្លេសាប ទន្លេបាសាក់ចំនួន៦(មិនគិតស្ពានឆ្លងទន្លេបាសាក់- ចាក់អង្រែក្រោម) និងស្ពានអាកាសចំនួន៩ (មិនគិតស្ពានអាកាសក្បាលថ្នល់មួយទៀត ដែលកំពុងសាងសង់)៕
អត្ថបទដោយ៖ cambodia-nation-media