រន្ធត់ណាស់! ករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿន បណ្ដាលឲ្យស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់
នៅទៀបភ្លឺថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ មានរថយន្ត ១គ្រឿង ម៉ាកលុចស៊ីស RX300 ពណ៌ស បើកបុកពីក្រោយរថយន្ដដឹកទំនិញ ១គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌ស បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ។
ហេតុការណ៍ដ៏រន្ធត់នេះកើតឡើង លើកំណាត់ផ្លូវល្បឿនលឿន K39+200 ត្រង់ចំណុចភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
បើយោងតាមកាមេរាសុវត្ថិភាពទិន្នន័យដោយផ្លូវល្បឿនលឿន មុនពេលកើតហេតុ ឃើញមានរថយន្ត ម៉ាកលុចស៊ីស RX300 ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង 2B-3816 អ្នកបើកបរឈ្មោះ លី ហ៊ូវ ភេទប្រុស អាយុ ៤០ឆ្នាំ (ស្លាប់) នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ មានអ្នករួមដំណើរជាមួយ ចំនួន ២នាក់ ៖ ១-ឈ្មោះ YIN CHAOYANG ភេទប្រុស ជនជាតិចិន (ស្លាប់), ២-ឈ្មោះ DING YUMEI ភេទស្រី ជនជាតិចិន (របួសធ្ងន់) កំពុងសង្រ្គោះបន្ទាន់ បើកបរពីមកពីខេត្តព្រះសីហនុ មករាជធានី ភ្នំពេញ លុះមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ដដឹកទំនិញ ១គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D-7588 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (រត់គេចខ្លួន) ដែលកំពុងបើកបរស្របទិសគ្នា ។
សមត្ថកិច្ចនគរបាលប្រចាំការផ្លូវល្បឿនលឿន បានសហការជាមួយកំលាំងជំនាញ អធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វើការវាស់វែងអន្ដរាគមន៍ជួយសង្រ្គោះ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រីឯសពបានតំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ ហើយរថយន្ដបង្កគ្រោះថ្នាក់ទាំង ២គ្រឿង បានស្ទួចមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង អធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីចំណាត់ការនីតិវិធីបន្ដ ៕