រដ្ឋបាលខេត្តកណ្តាល ជូនដំណឹង ឲ្យអាជីវកម្មអភិវឌ្ឍន៍ អចលនវត្ថុ និងហាងបញ្ចាំ ត្រូវមកសុំអាជ្ញាបណ្ណផុតកំណត់ ត្រឹមខែកុម្ភះ
រដ្ឋបាលខេត្តកណ្តាល ប្រកាសថា រាល់ការប្រកប អាជីវកម្មអភិវឌ្ឍន៍ លំនៅឋាន អាជីវកម្ម អភិវឌ្ឍន៍អគារ សហកម្មសិទ្ធ អាជីវកម្ម អភិវឌ្ឍន៍ដីឡូត៍ អាជីវកម្មបញ្ចាំ និងប្រាតិភោគ ដោយអនុប្បទាន ត្រូវមកសុំអាជ្ញាបណ្ណ ពីនិយ័តករ អាជីវកម្មអចលនវត្ថុ និង បញ្ចាំ ឬលិខិតអនុញ្ញាត ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
ការជូនដំណឹង របស់រដ្ឋបាលខេត្តកណ្តាលនេះ បន្ទាប់រដ្ឋបាលខេត្ត បានពិនិត្យឃើញថា ក្នុងភូមិសាស្ត្រខេត្តកណ្តាល មានអាជីវកម្ម អភិវឌ្ឍន៍អចលនវត្ថុ និងបញ្ចាំមួយចំនួន នៅមិនទាន់មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មនៅឡើយ។

សេចក្តីជូនដំណឹង របស់រដ្ឋបាល ខេត្តកាល ចុះពីថ្ងៃ៣១ ធ្នូ២០២៤ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ នូវសកម្មភាព ប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ព្រមទាំងលើកទឹកចិត្តដល់ការធ្វើធុរកិច្ចប្រកប ដោយសុច្ចរិត រដ្ឋបាលខេត្តកណ្តាល ក្រើនរំលឹកដល់ម្ចាស់អាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍន៍អគារ សហកម្មសិទ្ធ អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានទាំងអស់ ត្រូវរៀបចំបំពេញ បែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រោយពីផុតកាលបរិច្ឆេទ កំណត់ខាងលើនេះ រាល់ការប្រកបអាជីវកម្ម អភិវឌ្ឍន៍លំនៅឋាន អាជីវកម្មអភិវឌ្ឍន៍ អគារសហកម្មសិទ្ធ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត គឺជាអំពើល្មើសដែលត្រូវបញ្ឈប់សកម្មភាព និងរងពិន័យជាទឹកប្រាក់ដូចមានចែងក្នុងបទប្បញ្ញត្តិ ជាធរមាន។
ក្នុងន័យនេះ រដ្ឋបាលខេត្ត ស្នើដល់គ្រប់ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាល ឃុំ-សង្កាត់ ចូលរួមសហការ អនុវត្តសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។ ក្នុងករណីមិនអនុវត្តតាមការ ណែនាំខាងលើ រដ្ឋបាលខេត្តកណ្តាល នឹងមិនអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្ម អភិវឌ្ឍអចលនវត្ថុ និងបញ្ចាំជាដាច់ខាត៕

