ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ គាំទ្រលើយុទ្ធសាស្រ្តស្នូលធំៗ គឺ«ភាពស្អាត ភាពបៃតង និងចីរភាព» របស់ក្រសួងបរិស្ថាន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានគាំទ្រចំពោះការដាក់ចេញនូវផែនការអាទិភាពដ៏សំខាន់ៗរបស់ក្រសួងបរិស្ថានដែលត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយផ្តោតលើយុទ្ធសាស្ត្រស្នូលធំៗ គឺ«ភាពស្អាត ភាពបៃតង និងចីរភាព» ឱ្យមានដំណើរការរលូន និងប្រសិទ្ធភាព និង ចីរភាព សំដៅលើយុទ្ធសាស្ត្រ ធ្វើយ៉ាងណាឱ្យវិស័យពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិទាំងអស់បានយល់ដឹង និងចូលរួមផុសផុល សំដៅឲ្យមានចីរភាពនៃការអភិវឌ្ឍ។
ឯកឧត្តមសូមលើកទឹកចិត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវប្រើប្រាស់វិធានការ អប់រំជាគោល ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីជំរុញឱ្យពួកគាត់ទាំងអស់ចូលរួមសហការ ថែរក្សានៃបរិស្ថានរបស់យើង។ រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តបំផុស ចលនាសម្អាតតាមដងផ្លូវជាតិ ធ្វើយ៉ាងណាឱ្យឆ្នាំ២០២៥ គ្មានសំរាម និងការកែច្នៃសំណល់ ជាពិសេសសំណល់ប្លាស្ទិក តាមរយៈការរៀបចំឱ្យមាន «ធនាគារប្លាស្ទិក» នៅតាមសាលារៀន វត្តអារាម ដើម្បីសហគមន៍គ្មានសំណល់ និងសំរាម។
លើសពីនេះឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានលើកឡើងថា ត្រូវប្រើប្រាស់យន្តការរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការត្រួតពិនិត្យតាមដានដោះស្រាយ និងឆ្លើយតបបន្ទាន់លើការងារទប់ស្កាត់ការបំពុលបរិស្ថានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវជំរុញការអនុវត្តច្បាប់តឹងរ៉ឹង និងគ្រប់ជ្រុងជ្រោយលើកិច្ចគាំពារបរិស្ថាននៅតាមប្រភព បំពុលដើម្បីលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងការអភិរក្សជីវចម្រុះ។
ជាចុងក្រោយ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន សើ្នឳ្បបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការកៀរគរធនធាន កៀរគរការគាំទ្រ ពីដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ វិស័យឯកជន គ្រឹះស្ថានបណ្តុះបណ្តាល និងមហាជននានាធានាឱ្យបាននូវនិរន្តរភាពថវិកា ដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ ព្រមទាំងជាកម្លាំងចលកររុញច្រានធ្វើឱ្យភាពស្អាត និងភាពបៃតង នៅប្រទេសកម្ពុជាមានចីរភាពតរៀងទៅ៕ អត្ថបទដោយ៖ cambodia-nation-media