រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មីថា ការដាក់ឱសានវាទត្រឹមថ្ងៃ១០ ធ្នូ ខាងមុខនេះ ត្រូវបញ្ឈប់ការផ្សព្វផ្សាយល្បែងខុសច្បាប់ទាំងអស់ឲ្យបានម៉ឺងម៉ាត់បំផុត។
ឯកឧត្តមអភិសន្តិបណ្ឌិត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារ ដើម្បីធានាភាពគ្រុបជ្រុងជ្រោយនៃការអនុវត្តសារាចរណែនាំដ៏មានសារៈសំខាន់នេះទាំងកម្រិតថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចទុកពេលឱ្យអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងខុសច្បាប់ទាំងអស់ បញ្ឈប់សកម្មភាពយូរបំផុតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ពោល គឺចាប់ពីថ្ងៃទី១១ ខែធ្នូនេះ។
តាមរយៈប្រព័ន្ធវីដេអូហ្ស៊ូម ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំដល់ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងលោកស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវទីសាធារណៈលើកលែងបដាតាមកាស៊ីណូស្របច្បាប់ និងស្រាវជ្រាវបង្ក្រាបទីតាំងផ្ទះបង្កលក្ខណៈឱ្យមានការលេងល្បែ.ងតាមអនឡាញ ដោយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តមកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ។
បន្ថែមពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យ អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ពិនិត្យយកចិត្តទុកដាក់ខ្ពស់ចំពោះការកម្ចីតាមអនឡាញខុសច្បាប់ និងសហការជាមួយស្ថាប័នធនាគារ ដើម្បីស្រាវជ្រាវឱ្យឃើញពីប្រភពនៃការបញ្ជូនប្រាក់ទៅមករវាងក្រុមអ្នកល្បែង និងមេល្បែង ពិសេសក្រុមឈ្មួញកណ្ដាល ដើម្បីទប់ស្កាត់ និងបង្ក្រាបឱ្យបានគ្រប់ច្រក និងគ្រប់មធ្យោបាយដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ការបើក ឬភ្ជាប់បណ្ដាញ និងការលេងល្បែងខុសច្បាប់ ។
ការចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង ខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ៕
អត្ថបទដោយ៖ cambodia-nation-media