រាជរដ្ឋាភិបាល បន្តផ្តល់ការគាំពារយ៉ាងដិតដល់ដល់ប្រជាពលរដ្ឋ ភៀសសឹក និងពលករដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន

 សង្គម
 ៣០ មិថុនា ២០២៦
 65

ដោយ៖ហៀក ឆក
នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់លើការជួយសង្គ្រោះ និងគាំពារបងប្អូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាពលករកម្ពុជាដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពាន និងការប្រើប្រាស់កម្លាំងយោធាកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃនៅតាមតំបន់ព្រំដែន។
 
សកម្មភាពគាំពារ និងការឆ្លើយតបចម្បងៗរបស់រាជរដ្ឋាភិបាល រួមមាន៖
ការជួយឧបត្ថម្ភពលរដ្ឋភៀសសឹក៖ ខណៈដែលបងប្អូនភៀសសឹកមួយចំនួនបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងប្រកបមុខរបរឡើងវិញជាបណ្តើរៗ នូវមានបងប្អូនមួយចំនួនទៀតនៅមិនទាន់អាចត្រឡប់ទៅភូមិឋានវិញបាននៅឡើយ។ ចំពោះករណីនេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំពារ និងជួយឧបត្ថម្ភលើការរស់នៅប្រចាំថ្ងៃយ៉ាងដិតដល់ ដើម្បីរង់ចាំរហូតដល់ស្ថានភាពអំណោយផលអាចឱ្យពួកគាត់វិលត្រឡប់ទៅវិញដោយសុវត្ថិភាព។
ការដោះស្រាយការងារជូនពលករ៖ ចំពោះបងប្អូនពលករខ្មែរដែលបានសម្រេចចិត្តវិលត្រឡប់ពីប្រទេសថៃមកកាន់មាតុភូមិវិញ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងរក និងដោះស្រាយឱកាសការងារជូនពួកគាត់ ដើម្បីស្ថិរភាពជីវភាពរស់នៅ។
ការទូតលើឆាកអន្តរជាតិ៖ ស្របពេលជាមួយគ្នានេះ កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើឱ្យសហគមន៍អន្តរជាតិបានយល់ដឹងពីការពិតជាក់ស្តែងនៅតាមព្រំដែន ក្នុងគោលបំណងកៀរគរការគាំទ្រចំពោះជំហរដ៏ត្រឹមត្រូវរបស់កម្ពុជា ដែលជានិច្ចកាលតែងតែចង់ដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិជាធំ។

ការធានាបាននូវលំនឹងជីវភាពពលរដ្ឋ និងការគ្រប់គ្រងស្ថានការណ៍ចំពោះមុខនេះ គឺអាចសម្រេចទៅបានដោយសារ «កម្លាំងមហាសាមគ្គី» យ៉ាងរឹងមាំរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ នៅគ្រប់ទិសទី ដែលបានរួបរួមគ្នាយ៉ាងធ្លុងមួយជុំវិញរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីរួមគ្នាការពារទឹកដី ការពារសមិទ្ធផលជាតិ និងបន្តធ្វើឱ្យប្រទេសជាតិឈានទៅមុខនៅលើមាគ៌ាអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ៕

អត្ថបទដោយ៖ cambodia-nation-media