ប្រេងសាំងធម្មតា ៤.០៥០រៀល និងប្រេងម៉ាស៊ូត ៤.០០០រៀល ក្នុងមួយលីត្រ
ដោយ៖ហៀក ឆក(William)
ក្រសួងពាណិជ្ជកម្ម នាថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីជូនដំណឹងស្តីពី «តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានា» ដែលត្រូវអនុវត្តចាប់ពីវេលាម៉ោង ១រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមសេចក្តីជូនដំណឹង លេខ ២៣០៩ ពណ.អល.កដ និងផ្អែកលើការប្រែប្រួលនៃតម្លៃប្រេងនៅលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ រួមផ្សំនឹងការគិតគូរសម្របសម្រួលធានាដល់ជីវភាពរបស់ប្រជាពលរដ្ឋពីរាជរដ្ឋាភិបាល តម្លៃលក់រាយប្រេងឥន្ធនៈថ្មីត្រូវបានកំណត់រួមមាន ប្រេងសាំងធម្មតា តម្លៃ ៤.០៥០ រៀល/លីត្រ ស្មើនឹង ១,០០ ដុល្លារ/លីត្រ រីឯប្រេងម៉ាស៊ូត តម្លៃ ៤.០០០ រៀល/លីត្រ ស្មើនឹង ០,៩៩ ដុល្លារ/លីត្រ។
នៅក្នុងសេចក្តីជូនដំណឹងដដែលនេះ បានគូសបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តទម្លាក់តម្លៃបន្ថែមចំនួន ៦,៥សេនដុល្លារ/លីត្រ និងបន្ថែម ១សេនដុល្លារ/លីត្របន្ថែមទៀត (សរុប ៧,៥សេនដុល្លារ) ដោយសារតម្លៃប្រេងសាំងអន្តរជាតិបានឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី ១០០ដុល្លារ/បារ៉ែល។
លើសពីនេះ រាជរដ្ឋាភិបាលក៏បានសម្រេចបញ្ចុះពន្ធ និងអាករមកត្រឹម ០ (សូន្យ) ដុល្លារ លើ៖ ១. ពន្ធគយ ២. អាករបន្ថែម ៣. អាករពិសេស (សម្រាប់ប្រេងសាំងបញ្ចុះពី ៣០% មក ១៥% និងប្រេងម៉ាស៊ូតពី ៤,៥% មក ០%) ៤. អាករលើតម្លៃបន្ថែម (សម្រាប់ប្រេងសាំងបញ្ចុះពី ១០% មក ៥% និងប្រេងម៉ាស៊ូតពី ១០% មក ០%)។
តាមរយៈវិធានការអន្តរាគមន៍ផ្នែកពន្ធដារ និងការបញ្ចុះតម្លៃបន្ថែមពីរាជរដ្ឋាភិបាលនេះ នាំឱ្យតម្លៃប្រេងឥន្ធនៈដែលត្រូវលក់រាយពិតប្រាកដនៅតាមស្ថានីយទូទាំងប្រទេស មិនមានការកើនឡើងខ្ពស់ហួសហេតុនោះទេ ពោលគឺរក្សាបាននូវកម្រិតសមស្របមួយគឺ ៤.០៥០ រៀល សម្រាប់សាំងធម្មតា និង ៤.០០០ រៀល សម្រាប់ប្រេងម៉ាស៊ូត។
ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ម្ចាស់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តលក់តាមតម្លៃដែលបានកំណត់ខាងលើនេះឱ្យបានត្រឹមត្រូវ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ៕



អត្ថបទដោយ៖ cambodia-nation-media