មន្ត្រី ក.ប.ប. ចុះពិន័យហាង «ចរណៃ» ក្រោយរកឃើញការបន្លំលក់ត្រីត្រោតជាត្រីសាម៉ុន

 សង្គម
 2 ថ្ងៃមុន
 40

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីអធិការកិច្ចនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានរកឃើញថា ហាងលក់គ្រឿងសមុទ្រយីហោ «ចរណៃ» ពិតជាបានធ្វើធុរកិច្ចបន្លំឱ្យអតិថិជនយល់ច្រឡំរវាងត្រីត្រោត និងត្រីសាម៉ុន ដែលជាអំពើល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។

ផ្អែកតាមមាត្រា ៣៨ នៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ហាងនេះត្រូវបានពិន័យជាប្រាក់ចន្លោះពី ១០លាន ទៅ ២០លានរៀល។ ជាមួយគ្នានេះ អាជ្ញាធរបានបង្គាប់ឱ្យម្ចាស់ហាងកែតម្រូវជាបន្ទាន់នៅគ្រប់ទីតាំងលក់ទាំងអស់ ដោយត្រូវដាក់ស្លាកសញ្ញាបញ្ជាក់តម្លៃ និងបែងចែកប្រភេទត្រីឱ្យបានច្បាស់លាស់ពីគ្នា ដើម្បីផ្តល់ព័ត៌មានពិតដល់អ្នកប្រើប្រាស់។

អគ្គនាយកដ្ឋាន ក.ប.ប. ក៏បានអំពាវនាវដល់សាធារណជនឱ្យចូលរួមសហការរាយការណ៍អំពីភាពមិនប្រក្រតីនៃផលិតផលម្ហូបអាហារ ឬអំពើដែលប៉ះពាល់ដល់សិទ្ធិអ្នកប្រើប្រាស់ តាមរយៈលេខទូរស័ព្ទ ១២៦៦ ដើម្បីធានាឱ្យមានការប្រកួតប្រជែងដោយសុចរិតក្នុងទីផ្សារ។

អត្ថបទដោយ៖ cambodia-nation-media