សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ ថ្នាក់ដឹកនាំសមាគមបានជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាព សក្តានុពល និងបញ្ហាប្រឈមមួយចំនួននៅក្នុងវិស័យឧស្សាហកម្មស៊ីម៉ងត៍នៅកម្ពុជា ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់វិស័យសំណង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាតិ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានផ្តល់នូវអនុសាសន៍ណែនាំ និងដំណោះស្រាយមួយចំនួន ដើម្បីធានាបាននូវនិរន្តរភាពនៃការផលិត ការប្រកួតប្រជែងដោយស្មើភាព និងការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជំនួបនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងលើកកម្ពស់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនទៅមុខ៕




អត្ថបទដោយ៖ cambodia-nation-media