Neymar Jr បន្តអវត្តមានសម្រាប់ការប្រកួត របស់ប្រេស៊ីល ទល់នឹងហៃទី

 សង្គម
 0 ម៉ោងមុន
 27

ដោយ៖ហៀក ឆក
ខ្សែប្រយុទ្ធឆ្នើមលំដាប់កំពូលរបស់ប្រេស៊ីល Neymar Jr នឹងមិនធ្វើដំណើរទៅកាន់ទីក្រុងហ្វីឡាដែលហ្វៀ (Philadelphia) ជាមួយក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតជុំទី២ ក្នុងវគ្គសន្សំពិន្ទុពូល C នៃព្រឹត្តិការណ៍ World Cup2026 នៅថ្ងៃស្អែកនេះឡើយ។
 
យោងតាមប្រភពព័ត៌មានពីខាងក្រុមជម្រើសជាតិ បានឱ្យដឹងថា តារាបាល់ទាត់រូបនេះនឹងបន្តស្នាក់នៅក្នុងរដ្ឋញូជើស៊ី ដើម្បីឱ្យប្រាកដថាកាយសម្បទារបស់លោកវិលមកសភាពដើម ១០០ភាគរយវិញ។ទោះបីជាការវិលត្រឡប់មកកាន់ទីលានវិញរបស់លោកកាន់តែខិតជិតមកដល់ក៏ដោយ ក៏លោកនៅតែមិនទាន់អាចចូលរួមប្រកួតបានឡើយសម្រាប់ជំនួបជាមួយក្រុមហៃទី។
 

 ក្រុមការងារបច្ចេកទេស និងគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីល បានបញ្ជាក់ថា ពួកគេនឹងមិនយកកាយសម្បទារបស់ខ្សែប្រយុទ្ធរូបនេះទៅប្រថុយប្រថានឡើយ ដោយសារ Neymar ទើបតែបានត្រលប់មកចូលរួមការហ្វឹកហាត់ពេញលេញវិញ បានរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។ បច្ចុប្បន្ន លោកកំពុងស្ថិតក្នុងដំណាក់កាលពង្រឹងកាយសម្បទា និងកសាងទម្រង់លេងឱ្យបានល្អបំផុតឡើងវិញ។
 
ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវសុវត្ថិភាពខ្ពស់បំផុតសម្រាប់កីឡាករ មុនពេលលោកអាចត្រលប់មកជួយក្រុមជម្រើសជាតិសារជាថ្មី នៅក្នុងការប្រកួតផ្លូវការសំខាន់ៗខាងមុខ។
 
សូមបញ្ជាក់ថា ការប្រកួតរវាងក្រុមជម្រើសជាតិ សាំបាប្រេស៊ីល និងហៃទី នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦៕

អត្ថបទដោយ៖ cambodia-nation-media