កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអុីរ៉ង់និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៦ បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ននាពេលថ្មីៗនេះ រវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលមានគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាតែងតែគាំទ្រជានិច្ចនូវរាល់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និងការទូត។កម្ពុជាក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងដំណើរការសម្របសម្រួល រហូតសម្រេចបាននូវលទ្ធផលដ៏សំខាន់នេះ និងសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តប្រកបដោយសច្ចភាព ឆ្ពោះទៅរកសន្តិភាពនិងស្ថិរភាពយូរអង្វែង។
បន្ថែមពីនេះ កម្ពុជាជឿជាក់យ៉ាងមុតមាំថា សន្តិភាព ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅតំបន់មជ្ឈិមបូព៌ា មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខក្នុងតំបន់និងពិភពលោក ព្រមទាំងកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងវិបុលភាព។ ការបើកច្រកសមុទ្រ Hormuz ឡើងវិញ នឹងជួយស្តារទំនុកចិត្តឡើងវិញ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល និងរួមចំណែកដល់ស្ថិរភាពនៅក្នុងទីផ្សារថាមពលអន្តរជាតិ។
ជាចុងក្រោយ កម្ពុជាបានលើកទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់ បន្តកសាងសន្ទុះវិជ្ជមាននេះ តាមរយៈការសន្ទនាប្រកបដោយចីរភាព និងការចូលរួមប្រកបដោយការស្ថាបនា ក្នុងគោលបំណងលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងក្នុងពិភពលោកទាំងមូល៕

អត្ថបទដោយ៖ cambodia-nation-media