ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ត្រូវបានបើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ

 សង្គម
 0 ម៉ោងមុន
 24
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ «ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២» ត្រូវបានបើកសម្ពោធជាផ្លូវការ ក្រោមការចូលរួមពីលោកជំទាវ សុមេធ សុមនា រដ្ឋលេខាធីការក្រសួងពាណិជ្ជកម្ម តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា វិនិយោគិន និងធុរជនមកពីប្រទេសចិន ដើម្បីដាក់បង្ហាញផលិតផលដែលមានគុណភាពជាច្រើនប្រភេទ ចាប់ពីគ្រឿងបរិក្ខារអគ្គិសនី គ្រឿងសង្ហារឹម រហូតដល់ទំនិញប្រើប្រាស់ទូទៅ ។
បច្ចុប្បន្ន ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម និងជាអ្នកវិនិយោគទុនផ្ទាល់ពីបរទេស (FDI) ធំជាងគេនៅកម្ពុជា  នេះបើយោងតាមលោកបណ្ឌិត ឈួន សុវណ្ណស័ក្ក អ្នករឿបចំកម្មវិធី«ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២»ឆ្នាំ២០២៦។
លោកបណ្ឌិតក៏បានបញ្ជាក់បន្ថែមថា៖ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៥,៣៨ ពាន់លានដុល្លារអាមេរិក ដែលមានការ កើនឡើងប្រមាណ ២៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ។ កំណើននេះសម្រេចទៅបានតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា រួមមាន CCFTA, ACFTA និង RCEP ដែលផ្ដល់ឱកាសឱ្យផលិតផលកម្ពុជាអាចជ្រៀតចូលទៅក្នុងទីផ្សារចិនដែលមានអ្នកប្រើប្រាស់រហូតដល់ ១,៤ ប៊ីលាននាក់ ។
ការរៀបចំពិព័រណ៍នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនសមត្ថភាពសហគ្រាសក្នុងស្រុក ការបង្កើតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ និងការស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាលើឆាកអន្តរជាតិ ។

អត្ថបទដោយ៖ cambodia-nation-media