ត្រឹមមួយថ្ងៃ មន្ត្រីជំនាញរកឃើញអន្ទាក់សត្វព្រៃ ៩៥ខ្សែ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ
ត្រឹមមួយថ្ងៃទី១៨ ខែមិថុនា កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតឆាយអារ៉ែង បានរកឃើញ និងធ្វើការដោះអន្ទាក់សត្វព្រៃបានចំនួន៩៥ខ្សែរបស់ព្រានព្រៃដែលបានលួចដាក់នៅក្នុងភូមិសាស្ត្រឧទ្យានជាតិជួរភ្នំក្រវាញ។
ការរកឃើញអន្ទាក់សត្វព្រៃនេះ ធ្វើឡើងនៅក្នុងប្រតិបត្តិការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់កងកម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតឆាយអារ៉ែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ស្ថិតក្នុងភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ ចំពោះវត្ថុតាងមន្ត្រីជំនាញបានយកមករក្សាទុកនៅស្នាក់ការល្បាតឆាយអារ៉ែង៕




អត្ថបទដោយ៖ cambodia-nation-media