ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីព្រះបរមរាជានុញ្ញាតជូន ឯកឧត្តម វ៉ាង យី ចូលក្រាបថ្វាយព្រះពរ

 សង្គម
 0 ម៉ោងមុន
 36
ប៉េកាំង៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសវនាការជូន ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន តំណាងឱ្យលោកប្រធានាធិបតី ស៊ី ជិនភីង (Xi Jinping) ចូលក្រាបថ្វាយព្រះពរ នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង។
 
ក្នុងជំនួបនោះ ឯកឧត្តម វ៉ាង យី បានពាំនាំនូវការសួរសុខទុក្ខ និងសារលិខិតជូនពរពីលោកប្រធានាធិបតី ស៊ី ជិនពីង និងលោកជំទាវ ផឹង លីយាន ថ្វាយសម្តេចព្រះមហាក្សត្រី ក្នុងឱកាសខួបចម្រើនព្រះជន្មវស្សាគម្រប់ ៩០ព្រះវស្សា ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ចិន ក្នុងការបន្តពង្រឹងមិត្តភាពដែកថែបប្រពៃណី និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅក្នុងយុគសម័យថ្មី ដែលជាគំរូនៃទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ។
 
ជាការឆ្លើយតប ព្រះមហាក្សត្រ និងសម្តេចម៉ែ បានសព្វព្រះរាជហឫទ័យប្រទានសារជូនពរដ៏ស្មោះស្ម័គ្រត្រឡប់ទៅវិញ ព្រមទាំងបានសម្តែងព្រះរាជអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់លើការពិនិត្យ និងព្យាបាលព្រះរាជសុខភាពថ្វាយព្រះរាជវង្សានុវង្ស។ ព្រះអង្គបានសង្កត់ធ្ងន់ថា ទោះបីជាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ កម្ពុជានៅតែបន្តរក្សា និងឱ្យតម្លៃខ្ពស់បំផុតចំពោះមិត្តភាពប្រពៃណីដ៏ល្អដាច់គេជាមួយប្រទេសចិនជានិច្ច៕

អត្ថបទដោយ៖ cambodia-nation-media