កម្ពុជានឹងរៀបចំពិព័រណ៍ផលិតផល អាស៊ាន-ចិន ឆ្នាំ២០២៦ដើម្បីជំរុញសហគ្រាសក្នុងស្រុក និងពង្រីកទីផ្សារអន្តរជាតិ

 សង្គម
 4 ថ្ងៃមុន
 47

កម្ពុជានឹងរៀបចំផ្ដួចផ្ដើមព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំគឺ «ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន ឆ្នាំ២០២៦» (2nd ASEAN (Cambodia)-China Commodity Trade Fair 2026) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ ព្រឹត្តិការណ៍លើកទី២នេះ មានគោលបំណងបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជានិងចិន។

លោកបណ្ឌិត ឈួន សុវណ្ណស័ក្ក ប្រធានសមាគមសម្ព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈយុវជនកម្ពុជា បានឱ្យដឹងថា ពិព័រណ៍នេះនឹងមានការចូលរួមពីក្រុមហ៊ុនចិនចំនួន ១០០ មកពីវិស័យសំខាន់ៗចំនួន ១០ ដូចជា វិស័យអេឡេត្រូនិក យានយន្ត កាត់ដេរ និងចំណីអាហារជាដើម។ នេះគឺជាឱកាសមាសសម្រាប់សហគ្រិនខ្មែរក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម ការនាំចូល និងការវិនិយោគ ដើម្បីពង្រីកប្រភពចំណូល និងចង្វាក់ផលិតកម្មរបស់ខ្លួន។

ដើម្បីលើកទឹកចិត្តដល់អាជីវករខ្មែរ គណៈកម្មការរៀបចំបានផ្តល់អត្ថប្រយោជន៍ពិសេសៗរួមមាន៖ ការបញ្ចុះតម្លៃជួលស្ដង់រហូតដល់ ៥០% សម្រាប់ក្រុមហ៊ុនខ្មែរ (កំណត់ត្រឹម ១០ ស្ដង់ដំបូង)។ ការផ្តល់ស្ដង់លក់ដូរម្ហូបអាហារ និងភេសជ្ជៈខ្មែរដោយមិនគិតថ្លៃឈ្នួល នៅក្នុងតំបន់កម្សាន្តដែលមានការប្រគំតន្ត្រីអមជាមួយ។

ព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃនេះ រំពឹងថានឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាចន្លោះពី ៥,០០០ នាក់ ទៅ ១០,០០០ នាក់ ដែលនឹងក្លាយជាវេទិកាដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហការសេដ្ឋកិច្ចឱ្យកាន់តែស្អិតរមួត។

អត្ថបទដោយ៖ cambodia-nation-media