ទុរេនបែកអន្លូងទទួលបានម៉ាកសមូហភាព និង QR Code ស្តង់ដារ CamGAP ដើម្បីទប់ស្កាត់ការក្លែងបន្លំ

 សង្គម
 4 ថ្ងៃមុន
 41

ផ្លែទុរេននៃសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានចុះក្នុងបញ្ជីម៉ាកសមូហភាព និងទទួលបានវិញ្ញាបនបត្រ CamGAP ជាផ្លូវការពីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម កាលពីថ្ងៃទី ១៣ ខែមិថុនា។ ការសម្រេចបាននូវសមិទ្ធផលថ្មីនេះ គោលបំណងសំខាន់គឺដើម្បីការពារកេរ្តិ៍ឈ្មោះកសិផលក្នុងតំបន់ ធានានូវគុណភាព សុវត្ថិភាពជូនអ្នកបរិភោគ និងជាពិសេសគឺដើម្បីទប់ស្កាត់ការក្លែងបន្លំពីសំណាក់ឈ្មួញខិលខូចដែលយកឈ្មោះទុរេនបែកអន្លូងទៅប្រើប្រាស់លើទុរេននាំចូលពីក្រៅតំបន់។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធ QR Code និងម៉ាកសមូហភាព គឺជាយុទ្ធសាស្ត្រដ៏រឹងមាំក្នុងការធានាថា ទុរេនបែកអន្លូងត្រូវបានដាំដុះស្របតាមស្តង់ដារបច្ចេកទេស។ លោកក៏បានណែនាំឱ្យអ្នកប្រើប្រាស់ទាំងអស់ ពិនិត្យមើលម៉ាកសមូហភាព និងស្កែន QR Code មុននឹងទិញ ដើម្បីប្រាកដថាជាទុរេនបែកអន្លូងពិតប្រាកដ។
បច្ចុប្បន្ន សហគមន៍ទុរេនបែកអន្លូងមានសមាជិកចំនួន ១៦២ ចម្ការ លើផ្ទៃដីដាំដុះសរុប ៧០៦ ហិកតា និងមានលទ្ធភាពផ្គត់ផ្គង់ផលទុរេនទៅកាន់ទីផ្សារបានប្រមាណ ៤,០០០ តោន ក្នុងមួយឆ្នាំ។ ដើម្បីរក្សានិរន្តរភាពនេះ លោកអភិបាលខេត្តក៏បានជំរុញឱ្យសហគមន៍ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងឱ្យបានហ្មត់ចត់ ដើម្បីការពារទំនុកចិត្តរបស់អតិថិជន។

អត្ថបទដោយ៖ cambodia-nation-media