បើគ្មានអ្នកទិញ ក៏គ្មានអ្នកលក់! អាជ្ញាធរក្រុងកំពតចុះដកហូតទំនិញនាំចូលពីថៃអំពាវនាវឱ្យប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក
កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដោយបានលើកឡើងថា៖ «បើគ្មានអ្នកលក់ ក៏គ្មានអ្នកទិញដែរ!» ខណៈដែលអាជ្ញាធរមូលដ្ឋាន និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពត បានបន្តអនុវត្តវិធានការត្រួតពិនិត្យ និងដកហូតទំនិញនាំចូលពីប្រទេសថៃ ដែលកំពុងដាក់លក់នៅតាមទីផ្សារ និងទីតាំងអាជីវកម្មមួយចំនួន។

យោងតាមការលើកឡើងរបស់លោកស្នងការ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយការប្រើប្រាស់ទំនិញនាំចូលពីប្រទេសថៃ គឺជាកត្តាសំខាន់ក្នុងការគាំទ្រដល់ផលិតផលក្នុងស្រុក និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ ងាកមកប្រើប្រាស់ផលិតផលដែលផលិតក្នុងប្រទេស និងជ្រើសរើសទំនិញនាំចូលពីប្រភពផ្សេង ក្រៅពីផលិតផលរបស់ប្រទេសថៃ។

ជាក់ស្ដែង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពត បានចុះអនុវត្តវិធានការដកហូតទំនិញនាំចូលពីប្រទេសថៃមួយចំនួន ដើម្បីអនុវត្តតាមគោលការណ៍ និងវិធានការដែលបានដាក់ចេញ ដោយផ្តោតលើការពង្រឹងសណ្ដាប់ធ្នាប់ពាណិជ្ជកម្ម និងការលើកទឹកចិត្តឱ្យមានការប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើន។


មជ្ឈដ្ឋានមហាជនមួយចំនួនបានសម្ដែងការគាំទ្រចំពោះវិធានការនេះ ដោយយល់ថា ការជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់ផលិតផលក្នុងស្រុក គឺជាការចូលរួមចំណែកជួយដល់កសិករ សហគ្រាស និងអ្នកផលិតក្នុងស្រុកឱ្យមានទីផ្សារកាន់តែទូលំទូលាយ ព្រមទាំងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។


ជាមួយគ្នានេះ អាជ្ញាធរពាក់ព័ន្ធក៏បានអំពាវនាវឱ្យអាជីវករ និងប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយផ្តល់អាទិភាពដល់ការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលមានគុណភាព និងជួយលើកកម្ពស់មុខមាត់ផលិតផលខ្មែរឱ្យកាន់តែមានសក្ដានុពលក្នុងទីផ្សារ៕
អត្ថបទដោយ៖ cambodia-nation-media