សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ច្បាស់៖ ទំនិញនាំចូលតាមព្រំដែនគោកកម្ពុជា-ថៃ ខណៈព្រំដែនបិទ គឺជាទំនិញខុសច្បាប់ និងរត់ពន្ធនិងជាទំនិញដែលបំផ្លាញជាតិ និងប្រមាថជាតិ

 សង្គម
 0 ម៉ោងមុន
 49
ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ដរាបណាព្រំដែនគោកកម្ពុជា-ថៃនៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក ត្រូវបានចាត់ទុកថាជាទំនិញខុសច្បាប់ ទំនិញរត់ពន្ធ និងជាទំនិញដែលបំផ្លាញជាតិ និងប្រមាថជាតិ។ សម្តេចតេជោបានលើកឡើងថា ការដែលទំនិញថៃថ្មីៗនៅតែបន្តមានវត្តមាននៅលើទីផ្សារកម្ពុជា អាចបណ្តាលមកពីការបកស្រាយខុស ការធ្វើមិនយល់ ការបំពានច្បាប់ អំពើពុករលួយ ឬសកម្មភាពរបស់មន្ត្រីខិលខូច និងឈ្មួញទុច្ចរិត។

សម្តេចបានពន្យល់បន្ថែមថា នៅពេលព្រំដែនគោកត្រូវបានបិទ មនុស្សក៏មិនអាចឆ្លងកាត់បាន ទំនិញក៏មិនអាចឆ្លងកាត់បានដែរ។ ចំពោះមនុស្ស និងទំនិញដែលឆ្លងកាត់តាមផ្លូវទឹក និងផ្លូវអាកាស ជាពិសេសទំនិញ គឺស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរគយ ដែលជាអ្នកកំណត់ថា ទំនិញណាខុសច្បាប់ ឬត្រឹមត្រូវតាមច្បាប់ ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រ និងផ្លូវអាកាសតាមព្រលានយន្តហោះ នៅតែដំណើរការជាធម្មតា។
សម្តេចតេជោបានអំពាវនាវឱ្យមានការប្រមូលផ្តុំ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើទំនិញដែលឆ្លងកាត់ព្រំដែនគោក ដោយបញ្ជាក់ថា មិនអាចបិទព្រំដែនគោក ហើយនៅតែអនុញ្ញាតឱ្យទំនិញចូលបាននោះឡើយ។ សម្តេចក៏បានស្នើឱ្យកុំយកហេតុផលថា ទំនិញនៅសល់ក្នុងស្តុកមិនទាន់លក់អស់ ព្រោះទំនិញខ្លះអាចមានកាលបរិច្ឆេទផលិតក្រោយពេលព្រំដែនត្រូវបានបិទទៅទៀត។សម្តេចបានបន្ថែមថា ប្រសិនបើទំនិញនោះនៅសល់ពិតមែន ក៏អាចនឹងផុតកំណត់ប្រើប្រាស់រួចទៅហើយដែរ។ ទន្ទឹមនឹងនេះ សម្តេចបានអំពាវនាវឱ្យអ្នកប្រើប្រាស់មានការយល់ដឹង និងកុំទិញទំនិញដែលធ្វើឱ្យខ្លួនឯង និងជាតិសាសន៍ត្រូវបានមើលងាយ។                                                                                                                                                                                          ខាងក្រោមនេះជាសារទាំងស្រុងរបស់សម្តេច
  
សម្តេចតេជោ ហ៊ុន សែន៖អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើ ពុករលួយឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមកប្រើប្រាស់នៅកម្ពុជា។ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅទៀតខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ)គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ។ ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។សម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់តាមផ្លូវទឹកនិងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថាខុសច្បាប់ឬត្រូវច្បាប់ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវអាកាសតាម(ព្រលានយន្តហោះ)ភាគីទាំង២កម្ពុជា-ថៃនៅដំណើរការជាធម្មតា។ ត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយនិងសូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ក្រោយព្រំដែនគោកត្រូវបានភាគីបិទ១ឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សារកម្ពុជា។ម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។អ្នកប្រើប្រាស់គឺជាចៅហ្វាយកុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយទាំងសាមីខ្លួនទាំងជាតិសាសន៍៕

អត្ថបទដោយ៖ cambodia-nation-media