រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ សល់ពីរថ្ងៃទៀតទេកម្ពុជាដាក់ឱ្យអនុវត្តជាផ្លូវការនូវគោលនយោបាយលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ដើម្បីជំរុញវិស័យទេសចរណ៍ និងពង្រឹងមិត្តភាពដែកថែប

 សង្គម
 1 ថ្ងៃមុន
 39

ចាប់ពីថ្ងៃទី ១៥ ខែមិថុនា រហូតដល់ថ្ងៃទី ១៥ ខែតុលា កម្ពុជានឹងអនុវត្តនូវ គោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនទាំងអស់ដែលកាន់ លិខិតឆ្លងដែន PRC មិនថាមកពីចិនដីគោក ម៉ាកាវ ហុងកុង ឬកំពុងរស់នៅទីណាក៏ដោយ ក្រោមការឯកភាពដ៏ខ្ពង់ខ្ពស់ជាគោលការណ៍ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការស្វាគមន៍យ៉ាងកក់ក្តៅ និងផ្ដល់ភាពងាយស្រួលជាអតិបរមាដល់ភ្ញៀវទេសចរចិន។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចណ៍កម្ពុជាក្នុងពិធី ពិធីបើក«មហាសន្និបាតធុរជន ចិនទៀជីវ»ពិភពលោក លើកទី១១ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តម ហួត ហាក់ បានសង្កត់ធ្ងន់ថា នេះគឺជាការលើកលែងទិដ្ឋាការជា ប្រវត្តិសាស្ត្រ និងជាលើកដំបូងបង្អស់ សម្រាប់កម្ពុជា។ ចំពោះសំណួរដែលថាហេតុអ្វីបានជាកម្ពុជាសម្រេចជ្រើសរើសលើកលែងទិដ្ឋាការជូនពលរដ្ឋចិនមុនគេ ឯកឧត្តមបានពន្យល់ថា ដោយសារមិត្តចិនគឺជា "មិត្តពិសេស" និងមានទំនាក់ទំនង "មិត្តភាពដែកថែប" ដ៏រឹងមាំ ដែលបានចាប់ផ្ដើមតាំងពីជាង ១០០០ ឆ្នាំមុន និងត្រូវបានពង្រឹងឥតឈប់ឈរតាំងពីជំនាន់ថ្នាក់ដឹកនាំមុនៗ រហូតមកដល់បច្ចុប្បន្ន។
លើសពីនេះ គោលនយោបាយនេះក៏ស្ថិតក្នុងក្របខ័ណ្ឌនៃ "កិច្ចសហប្រតិបត្តិការត្បូងពេជ្រ" ដែលផ្ដោតលើអាទិភាពសំខាន់ៗចំនួន ៦ ក្នុងនោះរួមមានការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

អត្ថបទដោយ៖ cambodia-nation-media