កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងារគ្រប់គ្រងប្រព័ន្ធបណ្តាញសង្គម នៃ អ.ជ.គ. ប.ញ. ដើម្បីពង្រឹង គុណភាពការងារផ្សព្វផ្សាយព័ត៌មាន

 សង្គម
 ៣០ ឧសភា ២០២៦
 35

ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.) ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងប្រព័ន្ធបណ្តាញសង្គម នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ.។

ក្រុមការងារនេះ បានបង្កើតឡើងក្នុងគោលបំណងក្នុងពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មានរបស់អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ឱ្យកាន់តែមានគុណភាពខ្ពស់ ភាពត្រឹមត្រូវ ទាន់ពេលវេលា និងមានភាពទាក់ទាញ ស្របតាមការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាន និងបរិបទសង្គមឌីជីថលនាពេលបច្ចុប្បន្ន។ ជាពិសេស ដើម្បីពង្រីកការផ្សព្វផ្សាយសកម្មភាព សមិទ្ធផល និងសារអប់រំស្តីពីការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះដើម្បីពិនិត្យលើរបាយការណ៍លទ្ធផលការងារ ត្រួតពិនិត្យធាតុចូល ព្រមទាំងស្តាប់សំណូមពរ និងបញ្ហាប្រឈមនានារបស់ក្រុមការងារគ្រប់គ្រងប្រព័ន្ធបណ្តាញសង្គម ដែលមានសមាសភាពជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីបណ្តានាយកដ្ឋាន និងមន្ទីរពិសោធន៍ចំណុះអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ.។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ក៏បានផ្តល់អនុសាសន៍ និងទិសដៅការងារមួយចំនួន ដល់ក្រុមការងារ ដោយសង្កត់ធ្ងន់លើការបង្កើនគុណភាពខ្លឹមសារ ការផ្សព្វផ្សាយព័ត៌មានឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គមឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើដល់ការងារផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន៕

អត្ថបទដោយ៖ cambodia-nation-media