ដំណើរទស្សនកិច្ចសារព័ត៌មានរួមគ្នា ដើម្បីស្វែងយល់ពីកិច្ចអភិរក្សជីវៈចម្រុះ និងការលែង «ក្រពើភ្នំ» ចូលទៅក្នុងទន្លេស្រែពក

 សង្គម
 ២១ ឧសភា ២០២៦
 36
[ខេត្តមណ្ឌលគីរី] ដំណើរទស្សនកិច្ចសារព័ត៌មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើង ដើម្បីស្វែងយល់ផ្ទាល់អំពីវឌ្ឍនភាពការងារនៃគម្រោងអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិសំខាន់ៗ នៅក្នុងតំបន់ការពារ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អង្គការ WWF-កម្ពុជា, ក្រុមអ្នកសារព័ត៌មាន, សមាជិកសហគមន៍មូលដ្ឋាន ព្រមទាំងមន្ត្រីឧទ្យានុរក្សដែលជាអ្នកការពារព្រៃឈើឈានមុខគេ។ ជាកិច្ចចាប់ផ្តើមនៃកម្មវិធី ថ្ងៃទី២០ ឧសភា គណៈប្រតិភូ និងក្រុមអ្នកសារព័ត៌មាននឹងធ្វើដំណើរទៅទីស្នាក់ការត្រពាំងធ្មៀរ ដែលជាទីតាំងយុទ្ធសាស្ត្រមួយក្នុងការការពារតំបន់ជម្រកសត្វព្រៃ។ បើយោងតាមរបៀបវិរៈកម្មវិធី ថ្ងៃបន្ទាប់នឹងបន្តទៅទីស្នាក់ការម្រើច។ នៅទីនេះ មានការរៀបចំបទបង្ហាញយ៉ាងស៊ីជម្រៅលើ កម្មវិធីសិក្សាស្រាវជ្រាវ ត្រួតពិនិត្យ និងតាមដានជីវៈចម្រុះ ដើម្បីប្រមូលទិន្នន័យវិទ្យាសាស្ត្រ និងស្ថានភាពសត្វព្រៃកម្រៗ។ កម្មវិធីពង្រឹង និងការអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងការបរបាញ់សត្វខុសច្បាប់។ គម្រោងការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាព ក្នុងគោលបំណងលើកកម្ពស់ជីវភាពសហគមន៍ឱ្យរស់នៅភាពស៊ីសង្វាក់គ្នានឹងធម្មជាតិ។ ព្រឹត្តិការណ៍ដ៏គួរឱ្យទាក់ទាញបំផុតនៅក្នុងដំណើរទស្សនកិច្ចនេះ គឺការចូលរួមលែង «ក្រពើភ្នំ» ដែលជាប្រភេទសត្វល្មូនកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុតនៅលើពិភពលោក ចូលទៅក្នុងទីជម្រកធម្មជាតិនៃ ទន្លេស្រែពក។ ដំណើរទស្សនកិច្ចសារព័ត៌មាននេះ មិនត្រឹមតែបង្ហាញពីលទ្ធផលការងារជាក់ស្តែងនៅលើរុក្ខភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងស្អិតល្មួតរវាងស្ថាប័នរដ្ឋ អង្គការអន្តរជាតិ និងប្រជាសហគមន៍មូលដ្ឋាន។ ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ មានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់សាធារណជន ឱ្យចូលរួមស្រឡាញ់ និងការពារធនធានធម្មជាតិ និងសត្វព្រៃដ៏មានតម្លៃរបស់កម្ពុជាឱ្យបានគង់វង្សទៅអនាគត៕

អត្ថបទដោយ៖ cambodia-nation-media