កម្ពុជា បណ្ដេញជនជាតិចិន ៣១៩ នាក់ ពាក់ព័ន្ធបទល្មើស Online Scams ចេញពីប្រទេស

 សង្គម
 ១៩ ឧសភា ២០២៦
 73
ជនជាតិចិនសរុបចំនួន ៣១៩នាក់ ក្នុងនោះស្រី ៧នាក់ ដែលពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តហោះពិសេស កាលពីថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ អនុវត្តតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្ថានទូតចិន ដើម្បីអនុវត្តការបណ្ដេញចេញជនបរទេសពាក់ព័ន្ធបទល្មើសខាងលើ។ ក្នុងចំណោមជនជាតិចិនទាំង ៣១៩នាក់ មានចំនួន ១៦៦នាក់ ស្រី៣នាក់ ត្រូវបានបណ្ដេញចេញតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និង ១៥៣នាក់ ស្រី៤នាក់ ត្រូវបានបណ្ដេញចេញតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការបណ្ដេញចេញនេះ គឺជាការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាប និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សមត្ថកិច្ចកម្ពុជា ក៏បានបន្តស្រាវជ្រាវរកមេខ្លោង និងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យចូលរួមក្នុងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីឱ្យពួកគេអាចវិលត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព៕

អត្ថបទដោយ៖ cambodia-nation-media