កូនខ្មែរដំបូងបង្អស់សម្តែងជា«ទេពមច្ឆា»នៅអង្គរ វ៉ាយដ៍ឡាយហ្វ៍ ដើម្បីលើកស្ទួយទេសចរណ៍

 សង្គម
 1 ថ្ងៃមុន
 31
ខេត្តសៀមរាប៖ កូនខ្មែរដំបូងគេបានបង្ហាញខ្លួនជាអ្នកសម្តែងតួ "ទេពមច្ឆា" នៅក្នុងទូរកញ្ចក់នៅ អង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម (Angkor Wildlife and Aquarium) ដើម្បីចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តសៀមរាប ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ។ អ្នកស្រី ខាត់ ស្រីណុច និងកញ្ញា និល ពេជ្រដាលីន ដែលជាអ្នកសម្តែង បានបញ្ជាក់ថា ពួកគេបានចាប់ផ្តើមហ្វឹកហាត់តាំងពីខែកក្កដា និងបានចាប់ផ្តើមសម្តែងជាផ្លូវការនៅក្នុងខែតុលា ឆ្នាំ២០២៥។ ក្នុងការសម្តែងនេះ ពួកគេត្រូវជួបប្រឈមនឹងការលំបាកមួយចំនួន ដូចជាសម្ពាធទឹក និងការហ្វឹកហាត់បច្ចេកទេសហែលទឹកដើម្បីគេចពីប្រភេទត្រីធំៗ ដូចជាត្រីរាជ និងត្រីគលរាំង ដើម្បីកុំឱ្យសត្វត្រីទាំងនោះផ្អើល។ ទោះជាយ៉ាងណាក៏ដោយ អ្នកសម្តែងទាំងពីររូបមានក្តីរំភើប និងមោទនភាពយ៉ាងខ្លាំង ដែលបានបង្ហាញថាកូនខ្មែរមានសមត្ថភាពអាចធ្វើបានដូចជនជាតិបរទេស និងបានក្លាយជាផ្នែកមួយក្នុងការទាក់ទាញទេសចរមកកាន់កម្ពុជា។ សូមបញ្ជាក់ថា អង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម មានទីតាំងស្ថិតក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល ២០គីឡូម៉ែត្រពីទីក្រុង។ ទីតាំងនេះជាកន្លែងសិក្សាស្វែងយល់ និងទស្សនាសត្វជាច្រើនប្រភេទ រួមមានត្រីទឹកសាប ត្រីទឹកប្រៃ សត្វព្រៃ និងសត្វល្មូន ដែលជួយជំរុញការផ្សព្វផ្សាយទេសចរណ៍វប្បធម៌ និងធម្មជាតិឱ្យកាន់តែទូលំទូលាយ។

អត្ថបទដោយ៖ cambodia-nation-media