កម្ពុជា-វៀតណាម បន្តដាក់ ចេញវិធានការបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្ម ទ្វេភាគីឱ្យឈានដល់គោលដៅ២០ប៊ីលានដុល្លារអាមេរិច

 សង្គម
 ០៨ ឧសភា ២០២៦
 52
ក្នុងជំនួបជាមួយ នាយករដ្ឋមន្ដ្រីវៀតណាម នៅហ្វីលីពីន នាយករដ្ឋមន្ដ្រីកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពន្លឿនការកំណត់ទីតាំងតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។ បន្ថែមលើនេះ សម្ដេចធិបតីបានជំរុញឱ្យមានការសម្រួលនីតិវិធីគយ និងអន្តោប្រវេសន្ត៍នៅតាមច្រកព្រំដែនឱ្យមានភាពសាមញ្ញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ។ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបន្តដាក់ចេញវិធានការបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅ២០ប៊ីលានដុល្លារអាមេរិក និងបានស្នើវិនិយោគិនវៀតណាមបន្តមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានពិភាក្សាលើគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីពង្រឹងនិងពង្រីកកិច្ចសហ ប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើន៕

អត្ថបទដោយ៖ cambodia-nation-media