
(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។
កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន មានការអញ្ជើញចូលរួមដោយគណៈប្រតិភូសរុបប្រមាណ ៧០០នាក់មកពីប្រទេស និងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០។

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤បានមនប្រសាសន៍ថា
បានលើកឡើងថា «កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ពីភ្លើងសង្គ្រាម មកសុខសន្តិភាព ពីការលំបាកគ្រប់បែបយ៉ាង មកជាប្រទេសមួយមានស្ថិរភាពនយោបាយ មានការអភិវឌ្ឍ ពីប្រទេសដីមីន ទៅជាដីមាសនៅទូទាំងប្រទេស។ បទពិសោធន៍សមិទ្ធផលជាប្រវត្តិសាស្ត្រទទួលបានពីនយោបាយឈ្នះ-ឈ្នះពីមគ្គទេសក៍ដ៏ឆ្នើមរបស់យើង សម្តេចតេជោ លោកបាននាំមកជូនជាតិ។ ទាំងអស់នេះ បានធ្វើឱ្យកម្ពុជាស័ក្តិសមជាប្រទេសដែលទទួលធ្វើជាប្រធានអនុសញ្ញាអូតាវ៉ា និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពីពិភពលោកគ្មានមីន»។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានឱ្យដឹងផងដែរថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ នឹងពិនិត្យឡើងវិញនៃការងាររបស់អនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សលោក។ រាល់៥ឆ្នាំម្តងអនុសញ្ញាអូតាវ៉ា មានកិច្ចប្រជុំបែបនេះ ដើម្បីវាយតម្លៃការងារ៥ឆ្នាំកន្លងមក ហើយរៀបចំផែនការសកម្មភាព៥ឆ្នាំទៅមុខទៀត។
លោក លី ធុជ បានឱ្យដឹងទៀតថា គោលដៅនៃកិច្ចប្រជុំកំពូលនៅខេត្តសៀមរាប មានចំនួន៣រួមមាន៖
ទី១) ពិនិត្យឡើងវិញនូវសកម្មភាព និងស្ថានភាពនៃការអនុវត្តន៍អនុសញ្ញាអូតាវ៉ារយៈពេល៥ឆ្នាំកន្លងមក
២) ដើម្បីធ្វើសេចក្តីសម្រេចចិត្តមួយចំនួនទាក់ទងទៅនឹងរដ្ឋភាគីទាំងឡាយ ដែលបាននិងកំពុងអនុវត្តន៍កាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា
ទី៣) ដើម្បីអនុវត្តន៍នូវឯកសាសំខាន់ៗ ដែលនឹងយកទៅប្រើប្រាស់យូរអង្វែងដល់រដ្ឋភាគីទាំងអស់នៃអនុសញ្ញាអូតាវ៉ា។

ក្រៅពីនេះកិច្ចប្រជុំក៏នឹងជជែកពិភាក្សាលើការងារយេនឌ័រ ការងារពិការភាព ការងារបរិស្ថាន និងការងារបម្រែបម្រួលអាកាសធាតុផងដែរ។
កម្ពុជា គឺជាប្រទេសមួយដែលបានរងទុក្ខវេទនា និងខ្លោចផ្សាបំផុត ដោយសារភ្លើងសង្គ្រាម។ ភ្លើងសង្គ្រាមបានបន្សល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពាសពេញផ្ទៃដី។ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋភិបាលកម្ពុជានិងអង្គការសហប្រជាជាតិបានកែប្រែ
កម្ពុជាពីដីមីន ទៅជាទឹកដីមាស ។

ប្រតិបត្តិការបោសសំអាតមីនរយៈពេលជាង៣០ឆ្នាំមកនេះ កម្ពុជា បានចំណាយថវិការង្វង់ប្រមាណ ១ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ២០២៥ខាងមុខនេះ អាជ្ញាធរមីន គ្រោងស្នើថវិការាជរដ្ឋាភិបាលប្រមាណ ៥លានដុល្លារ ដើម្បីបោសសំអាតមីនបន្ត។សូមជម្រាបជូនថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីន គឺជាសន្និសីទពិនិត្យមើលឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប៕