កម្ពុជានាំអនុព័ន្ធយោធាប្រទេសធំៗដូចជាអាម៉េរិក ចិន ជប៉ុន ទៅកាន់ព្រំដែន អំឡុងពេលអនុវត្តបទឈប់បាញ់

 សង្គម
 0 ម៉ោងមុន
 31
ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមេសា នេះ បានសម្របសម្រួលដំណើរទស្សនកិច្ចជូនក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា អញ្ជើញទៅកាន់ខេត្តមួយចំនួនក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលដែលកំពុងអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ។ ក្រុមអនុព័ន្ធយោធាបរទេសដែលចុះទៅកាន់តំបន់ព្រំដែនមានដូចជា អាម៉េរិក ជប៉ុន ចិន អូស្រ្តាលី និងប្រទេសក្នុងតំបន់អាស៊ាន។ អ្នកនាំពាក្យក្រសួងការពារជាតិអះអាងថា ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំង សំដៅសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕

អត្ថបទដោយ៖ cambodia-nation-media