ជប៉ុនផ្តល់រថយន្តដឹកសំរាម ១០ គ្រឿងបន្ថែមទៀតដល់កម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងសំណល់

 សង្គម
 0 ម៉ោងមុន
 5
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ រដ្ឋាភិបាលជប៉ុនបានប្រគល់រថយន្តដឹកសំរាមចំនួន ១០ គ្រឿងបន្ថែមទៀត ដល់ក្រសួងបរិស្ថានកម្ពុជា ដែលជាជំនួយលើកទី៣ ធ្វើឱ្យចំនួនរថយន្តជំនួយសរុបកើនឡើងដល់ ៣០ គ្រឿង ។ ពិធីប្រគល់នេះត្រូវបានធ្វើឡើងដោយឯកឧត្តម Ueno Atsushi ជូនដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រថយន្តទាំងនេះនឹងត្រូវបែងចែកបន្តទៅកាន់អាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពនៃសេវាប្រមូល និងទុកដាក់សំរាមនៅក្នុងមូលដ្ឋាន ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ជំនួយនេះស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើភាព «ស្អាត បៃតង និងចីរភាព» ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដាក់ចេញនូវវិធានការតឹងរ៉ឹង ដោយព្រមានដកហូតអាជ្ញាប័ណ្ណពីប្រតិបត្តិករណាដែលដុតសំរាមនៅទីលានចាក់សំរាម ។ លោកក៏បានសង្កត់ធ្ងន់ថា មន្ត្រីបរិស្ថានត្រូវតែស្វែងរកប្រភពបំពុលឱ្យឃើញ និងចាត់វិធានការឱ្យទាន់ពេលវេលា ហើយប្រសិនបើមន្ត្រីណាខ្វះការទទួលខុសត្រូវលើការងារនេះ គួរតែចុះចេញពីតំណែង ដើម្បីឆ្ពោះទៅរកអនាគតដ៏ស្អាត និងមាននិរន្តរភាព ។

អត្ថបទដោយ៖ cambodia-nation-media