ខេត្តកំពង់ចាមបញ្ចុះបឋមសិលាតម្លើងរូបសំណាក “នាគព័ន្ធ”ថ្មីធ្វើពីស្ពាន់សុទ្ធទម្ងន់ ៨តោន

 សង្គម
 0 ម៉ោងមុន
 25
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការប្រារព្ធពិធីបញ្ចុះបឋមសិលា ក្រុងពាលីតម្លើងរូបសំណាកនាគព័ន្ធថ្មី និងស្រោចស្រង់បើកព្រះនេត្រនាគ នៅចំណុចរង្វង់មូលមុខក្លោងទ្វារវត្តប្រាសាទនគរបានជ័យ ក្នុងស្រុកកំពង់សៀម។ រូបសំណាកនាគព័ន្ធថ្មីនេះ គឺជាអត្តសញ្ញាណប្រវត្តិសាស្ត្ររបស់ខេត្ត ដែលត្រូវបានផ្លាស់ប្តូរពីការសាងសង់ដោយស៊ីម៉ង់ត៍ មកជាការសាងសង់អំពីស្ពាន់សុទ្ធវិញ។ សមិទ្ធផលនេះមានទម្ងន់ ៨តោន កម្ពស់ ១០ម៉ែត្រ (រួមទាំងជើងទម្រ ៣ម៉ែត្រ) និងមានជើងទម្រទំហំ ១៧ម៉ែត្រ គុណ ១៧ម៉ែត្រ ដែលរក្សាទៅតាមទម្រង់ចាស់ទាំងស្រុង។ សំណង់ប្រវត្តិសាស្ត្រនេះ ស្ថិតក្នុងគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ជា ៤គន្លង (ចាប់ពីរង្វង់មូលស្គន់ ដល់គល់ស្ពានគីស្សូណា) ដែលអនុវត្តដោយក្រុមហ៊ុន CRBC ក្រោមឥណទានពីសាធារណរដ្ឋប្រជាមានិតចិន ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៧ ខាងមុខ។ ពិធីនេះត្រូវបានរៀបចំឡើងដើម្បីបួងសួងសុំសេចក្ដីសុខចម្រើនជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត និងអ្នកធ្វើដំណើរឆ្លងកាត់ទឹកដីខេត្តកំពង់ចាមផងដែរ។

អត្ថបទដោយ៖ cambodia-nation-media