ជប៉ុនផ្តល់កម្ចី ៤៦ លានដុល្លារ សម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកនៅភ្នំពេញ

 សង្គម
 0 ម៉ោងមុន
 28
រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ឥណទានសម្បទានប្រមាណ ៤៦ លានដុល្លារ ដល់ប្រទេសកម្ពុជា សម្រាប់អនុវត្តគម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹក ក្នុងរាជធានីភ្នំពេញ ។ ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែមេសា ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។ យោងតាមក្រសួងការបរទេស គម្រោងនេះនឹងជួយពង្រឹងភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ប្រឆាំងនឹងការជន់លិច ដើម្បីការពារផលប៉ះពាល់អវិជ្ជមានដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ។ ការផ្តល់ជំនួយហិរញ្ញវត្ថុនេះ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុនផងដែរ

អត្ថបទដោយ៖ cambodia-nation-media