កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត ១៤ លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី១ ឆ្នាំនេះ
ក.ស.ត. បានបញ្ជាក់ថា ក្នុងចំណោមប្រាក់ចំណូលសរុប ១៣, ៩០ លានដុល្លារអាម៉េរិក គឺប្រាក់ចំណូលពីប្រតិបត្តិការផែ បានចំនួន ១១, ៧០៥, ៩៣៩ ដុល្លារអាម៉េរិក កើនឡើង ៣៨ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែក ប្រាក់ចំណូលពីអាជ្ញាធរផែ សម្រេចបាន ១, ៩៦២, ៣១០ ដុល្លារអាម៉េរិក កើនឡើង ២២% ខណៈ ចំណូលពីសេវាផ្សេងៗ ទទួលបានចំនួន ២៣៨, ៥៣៨ ដុល្លារអាម៉េរិក ថយចុះ ៣០%។
របាយការណ៍ របស់ ក.ស.ត. បង្ហាញទៀតថា ក្នុងត្រីមាសទី១នេះ បរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួន ១, ៤៦៨,៦៣៨ តោន កើនឡើង១៣, ៣៥% និងបរិមាណកុងតឺន័រឆ្លងកាត់មានចំនួន ១៦២, ២៤២ ធីអ៊ីយូ កើន ៣៣,៦១%។
ដោយឡែក បរិមាណនាវាចូលចតសរុបចំនួន ១០០១ គ្រឿង កើន ១១,៥៩% ខណៈដែលបរិមាណនាវាដឹកអ្នកដំណើរចូលមានចំនួន ១៥៣ គ្រឿង កើន ៨,៥២% និងចំនួនអ្នកដំណើរឆ្លងកាត់សរុបចំនួន ១៥, ៨៨៦ នាក់ កើន ២,៣៣%។
សូមបញ្ជាក់ថា អង្គភាព ក.ស.ត. បានរកប្រាក់ចំណូលពីផលអាជីវកម្ម និងសេវាកម្មផ្សេងៗ កើនឡើងជាលំដាប់គឺ ឆ្នាំ២០២៤ រកចំណូលបានចំនួន ៤១ លានដុល្លារអាម៉េរិក កើនឡើងជាង ២០% និង ក្នុងឆ្នាំ២០២៥រកចំណូលបាន ៥០,៣១ លានដុល្លារអាម៉េរិក កើន ១៩,១៩% ។នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់កំពង់ផែស្វយ័តភ្នំពេញ៕ អត្ថបទដោយ៖ cambodia-nation-media